ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កើន ជំនឿចិត្តពីប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន។
ការថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានកោតសរសេីរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ រហូតទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តមភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការចុះធ្វើវេទិកាសាធារណៈ នៅតាមបណ្តាសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើការដោះស្រាយបញ្ហាផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ ក្រៅពីនោះត្រូវពង្រឹងយន្តការច្រកចេញចូលតែមួយ ដើម្បីបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងទៀតផង។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំឱ្យឈ្វេងយល់អំពីគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅឆ្ពោះទៅការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង ៕










