ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំគណ:ប្រតិភូខេត្តឧត្តរមានជ័យ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការ អន្តរាគមន៍លេខ៦ នៅគេហដ្ឋានភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងនាមថ្នាក់ដឹកនាំ នឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្តឧត្ដរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា ពិតជាមានសេចក្ដីក្តុកក្តួល រំជួលចិត្ត និងសោកស្តាយឥតឧបមាដោយទទួលដំណឹងថា ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ កងទ័ពជើងគោក បានទទួលមរណភាព នៅថៃ្ងព្រហស្បតិ៍ ៧រោច ខែ អាសាឍឆ្នាំម្សាញ់ សប្ដស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៩:៥៧នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តម មាន ចាន់យ៉ាដា បានចាត់ទុកការបាត់បង់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុំ ខេង គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ហើយក៏ជាការបាត់បង់មេបញ្ជាការដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ៦ និងជាឥស្សរជនឆ្នើមមួយរូប នៃកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក។
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ឧត្ដមសេនីយ៍ទោ ឈុំ ខេង សូមឲ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕














