ភំ្នពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រឆាំងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទលើស្រ្តី និងកុមារ ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សែម ស៊ុនដារ៉ា អនុប្រធានសេនាធិការដ្ឋាន, លោកឧត្តមសេនីយ៍ទោ ប៉ែន ច័ន្ទសុខខេមរិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន, លោក លោកស្រី ឧត្តមសេនីយ៍ វរេសេនីយ៍ អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ នៅសាលប្រជុំនាយកដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឡើងរបាយការណ៍សង្ខេបស្តីពី លទ្ធផលបូកសរុបការងារប្រឆាំងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទលើស្តី្រ និងកុមារ ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ និងការលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ របស់លោកនាយការិយាល័យទាំង៧ ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានឯកភាពតាមរបាយការណ៍ ព្រមទាំងបានណែនាំការងារជំនាញ និងដាក់ទិសដៅសម្រាប់នាយកដ្ឋានយកទៅអនុវត្តបន្តមួយចំនួនដូចខាងក្រោម៖
១-ពង្រឹងការគ្រប់គ្រងបញ្ជីវត្តមានរបស់មន្រ្តីក្រោមឱវាទ
២-ពង្រឹងការគ្រប់គ្រងលំហូរឯកសារចូល-ចេញ ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់
៣-ពង្រឹងការគ្រប់គ្រងបញ្ជីបណ្តឹង តាមដានការអនុវត្តនីតិវិធីលើបណ្តឹង
៤-បង្កើនការយកចិត្តទុកដាក់លើការស្តាប់ ប្រមូលព័ត៌មានតាមបណ្តាញសង្គម ឬតាមបណ្តាសារព័ត៌មាន និងទូរស័ព្ទទាន់ហេតុការណ៍ ១២៨៨
៥-ពន្លឿនការធ្វើបច្ចុប្បន្នភាពគ្រប់គ្រងដីកា
៦-ពង្រឹងការគោរពវិន័យ ការស្លៀកសំលៀកបំពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ
៧-ធ្វើបច្ចុប្បន្នភាពសំណុំរឿងនៅតាមការិយាល័យ
៨-ពិនិត្យឡើងវិញការគ្រប់គ្រងបញ្ជីធ្វើបច្ចុប្បន្នភាព និងការប្រើប្រាស់អាវុធ
៩-ពិនិត្យលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីព័ត៌មានបច្ចេកវិទ្យា និងការធ្វើកោសលវិច័យលើសម្ភារបច្ចេកវិទ្យា ៕