ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំកម្មវិធីផ្សព្វផ្សាយ បទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល កម្ពុជា ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គែម) និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នងសភាពការណ៍ថ្មី ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមផងដែរ។
លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេច លេខ ១០២/ ២៥ សសរ របស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្កែម) ដែលមានសមាសភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាប្រធាន មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ជាអនុប្រធាន និងមានសមាជិកមួយចំនួនទៀត ក្នុងការបំពេញភារកិច្ចបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញ ស្គែម ឱ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ អំពីបទបញ្ជា ទាំង ៩ចំណុច របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដោយឡែកបានសង្កត់ធ្ងន់ នូវចំណុចទី៦ និងចំណុចទី៩ អំពីការប្រើប្រាស់កម្លាំងកងយោធលខេមរភូមិន្ទ ក្នុងភារកិច្ច អន្តរាគមន៍ គាំទ្រ ក្នុងការអនុវត្តបទបញ្ជានេះ ឲ្យទទួលបានជោគជ័យ។ ហើយជាមួយនេះដែរ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានគូសបញ្ជាក់ ក្នុងចំណុចទី៩ នៃបទបញ្ជា ស្តីអំពីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ និងបុគ្គល ឬអង្គភាពណា ដែលមិនបានអនុវត្តតាមបទបញ្ជានេះ ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវប្រឈមមុខក្នុងការបញ្ចប់មុខតំណែងរបស់ខ្លួន។ ដូច្នេះយោធិនគ្រប់រូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវចូលរួមសហការក្នុងការស្រាវជ្រាវ ផ្ដល់ព័ត៌មាន ឲ្យទាន់ពេលវេលា ដើម្បីចូលរួមសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឲ្យទទួលបានជោគជ័យ។
នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចមួយចំនួនបន្ថែមទៀត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួន មធ្យោបាយ និងគ្រឿងបំពាក់ រួចជាស្រេច ក្នុងការអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ក្នុងពេលដែលខ្មាំងសត្រូវរំលោភឈ្លានពានចូលទឹកដីកម្ពុជា។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខដឹកនាំនៃក្រសួងការពារជាតិ ព្រមទាំងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ តាមឋានានុក្រម ក្នុងការចូលរួមសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រៀមកម្លាំងសម្រាប់អនុវត្តន៍តាមបទបញ្ជាឲ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ ៕








