ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អមដំណើរដោយ សមាជិក ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋភៀសសឹក នៅខេត្តឧត្តរមានជ័យមានចំនួន២០៥០គ្រួសារ ដែលស្មើនឹងប្រជាពលរដ្ឋប្រមាណ៨៩៦៨នាក់។
ឯកឧត្តមបណ្ឌិត បាននាំនូវពាក្យសួរសុខទុក្ខរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុវត្ថិភាព និងការរស់នៅរបស់បងប្អូនដែលកំពុងជួបទុក្ខលំបាកត្រូវភៀសសឹក ក្នុងគ្រា ប្រទេសកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីបរទេស (សៀម)។
ឯកឧត្តមបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋភៀសសឹកដែលរួមមាន មីយើង សៀងដប ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ សាច់ផាត់ ត្រីងៀត សម្លៀកបំពាក់ តង់កៅស៊ូ និងថ្នាំពេទ្យ ព្រមទាំងថវិកាមួយចំនួន។
ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ និងសាមគ្គីគ្នាឱ្យបានរឹងមាំជាធ្លុងមួយក្នុងគ្រាលំបាកនេះ ៕




















