ភ្នំពេញ៖ នាថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួងចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ ដែលស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
បើតាមលោក ផាង វី បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៨០% ក្នុងនោះការងារសំខាន់ៗដែលត្រូវអនុវត្តមានដូចជា៖ ទី១).ស្តារប្រទ្បាយមេ ១ខ្សែ ប្រវែង ៤៣០០ម៉ែត្រ, ទី២).សំណង់ស្ទាក់ទឹក (ទ្វារ ២សន្លឹក) ចំនួន ២កន្លែង, ទី៣).សំណង់ចែកទឹកលូមូល (ទ្វារ ១សន្លឹក) ចំនួន ១កន្លែង និងទី៤).សំណង់លូចម្លងលូជ្រុង (១ជួរ) ចំនួន ២កន្លែង។
ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ ឱ្យបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវហ្មត់ចត់ ជាពិសេសជំរុញការអនុវត្តគម្រោងការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ឱ្យបានមុនពេលទឹកក្នុងរដូវវស្សាមកដល់។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ ស្ថិតនៅចម្ងាយប្រមាណ ៧៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ មានប្រភពទឹកពីអូរគោលង់ និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មានតួនាទីសំខាន់ក្នុងការបញ្ចៀសទឹកជំនន់ក្នុងមូលដ្ឋាន និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មបានពីរទៅបីដងក្នុងមួយឆ្នាំលើផ្ទៃដីស្រូវវស្សាប្រមាណ ១៥០០ហិកតា ស្រូវប្រាំង ៨៨៥ហិកតា និងដំណាំរួមផ្សំដទៃទៀត ព្រមទាំងមានសក្តានុពលបម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ២៨៧គ្រួសារ ៕


























