ភ្នំពេញ៖ នាថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល.) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារដែលមានសមាសភាពមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ចុះពិនិត្យវាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាព គម្រោងការពារច្រាំងទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានចុះពិនិត្យវាយតម្លៃជាក់ស្តែង លើគម្រោងចំនួនបី គឺ៖ ទី១).គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ៣៥០ម៉ែត្រ នៅភូមិព្រែកស្ដី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលសម្រេចការងារបាន ១០០%, ទី២).គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ៣៥០ម៉ែត្រ នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលសម្រេចការងារបាន ១០០% និង ទី៣).គម្រោងការពារច្រាំងទន្លេមេគង្គ ប្រវែង ១៣២៥ម៉ែត្រ ស្ថិតនៅភូមិក្រូចឆ្មារលើ វត្តកញ្ចក់ និងភូមិដើមជ្រៃ វត្តដើមជ្រៃ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបញ្ចប់ការធានាគុណភាពរយៈពេល ៦ខែ។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារបានទាន់ពេលវេលា និងត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ធានាបាននូវគុណភាព សោភ័ណភាព និងនិរន្តរភាពយូរអង្វែង ជាពិសេសទទួលបានសេចក្តីសាទរត្រេកអរពីបងប្អូនប្រជាពលរដ្ឋក្នុងតំបន់។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ និងផ្តាំផ្ញើដល់ក្រុមការងារឱ្យបន្តរក្សា និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដែលជាសក្ខីភាពមួយនៃការចូលរួមចំណែករបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការជួយសម្រួលដល់បន្ទុកចំណាយមួយផ្នែកធំរបស់រាជរដ្ឋាភិបាលលើការដោះស្រាយផលប៉ះពាល់ ទប់ស្កាត់ និងការពារការខូចខាតជាយថាហេតុ ជាពិសេស ទប់ស្កាត់នូវហានិភ័យដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណ:នានា ពីការបាក់ស្រុតច្រាំងទន្លេតទៅថ្ងៃមុខបន្ថែមទៀត ក្នុងរយ:ពេលវែងផងដែរ ៕






