ក្រសួងបរិស្ថាន ប្រកាសបើកគម្រោង «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ឆ្ពោះទៅកម្ពុជាបៃតង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងបរិស្ថាន ប្រកាសបើកគម្រោង «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ឆ្ពោះទៅកម្ពុជាបៃតង


ភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានប្រកាសបើកជាផ្លូវការនូវគម្រោង «លើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការអនុវត្ត និងប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ក្រោមជំនួយឧបត្ថម្ភពីមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong Cooperation Special Fund)។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។


ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានប្រសិទ្ធនាមកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ប្រៀបដូចជា «ផ្កាអ័រគីដេ ដែលមានភាពស្រស់ស្អាតយូរអង្វែង»។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងនេះមានគោលបំណងសំខាន់ៗដូចជា ការជំរុញការសិក្សាស្រាវជ្រាវ និងអភិរក្សប្រភេទកេសរកូលព្រៃ ការបណ្ដុះបណ្ដាល និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការអភិរក្សធម្មជាតិ។ លើសពីនេះ គម្រោងក៏នឹងបង្កើតឱកាសការងារបន្ថែមដល់សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍអេកូទេសចរណ៍។


ឆ្លើយតបទៅនឹងការគាំទ្រនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ជាពិសេសក្រសួងអេកូឡូស៊ី និងបរិស្ថានចិន និងមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចំពោះការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការងារអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិកន្លងមកនៅកម្ពុជា និងគាំទ្រលើគម្រោងដ៏មានសារៈសំខាន់នេះ។ 


ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ស្ថាប័នជាតិ-អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រ និងធ្វើឱ្យប្រសើរឡើងនូវការសិក្សាស្រាវជ្រាវ ការចងក្រងទិន្នន័យ និងការអភិរក្សពូជកេសរកូលព្រៃ ព្រមទាំងដំណើរការរបស់មជ្ឈមណ្ឌលកន្លងមករហូតដល់បច្ចុប្បន្ននេះ។ 


ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថាគម្រោងទាំងមូលនឹងទទួលបានជោគជ័យជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏កាន់តែជិតស្និទ្ធ និងរឹងមាំដើម្បីបន្តរក្សានូវប្រភេទពូជកេសរកូលព្រៃដ៏សម្បូរបែបរបស់កម្ពុជាឱ្យនៅគង់វង្ស។


ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ រួមទាំងមិត្តចិន ដែលបានជួយសម្របសម្រួលធ្វើឱ្យស្ថានភាពជម្លោះនៅព្រំដែនខ្មែរ-ថៃមានភាពធូរស្រាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក្ដី មិត្តអន្តរជាតិទាំងអស់នៅតែបន្តគាំទ្រកម្ពុជា ឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធី និងអនុលោមតាមក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។


ក្រសួងបរិស្ថានកំពុងអនុវត្តយ៉ាងសកម្មនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ដោយផ្តោតលើគោលដៅ «ភាពស្អាត ភាពបៃតង និងចីរភាព» ដើម្បីគាំទ្រដល់ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ យុទ្ធសាស្ត្រនេះមានគោលបំណងធានានូវចីរភាពបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចបាននូវប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ៕













Previous Post Next Post