សម្តេចប្រធានរដ្ឋសភា ជម្រាបប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ថា កម្ពុជាបានកំពុងអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ដើម្បីផលប្រយោជន៍ពលរដ្ឋ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចប្រធានរដ្ឋសភា ជម្រាបប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ថា កម្ពុជាបានកំពុងអនុវត្តបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ដើម្បីផលប្រយោជន៍ពលរដ្ឋ


ភ្នំពេញ៖
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៤ នៃការបំពេញបេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Anke Rehlinger ប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិឱ្យកាន់តែរីកចម្រើនឡើង នាំមកនូវផលប្រយោជន៍ដល់ពលរដ្ឋនិងប្រទេសទំាងពីរ ក៏ដូចជាការធានាបាននូវសុខសន្តិភាព ស្ថិរភាពជូនពលរដ្ឋជាសកល។ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសភាអាល្លឺម៉ងដែលមានឆន្ទៈចូលរួមកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដែលញ៉ាំងឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបជូនថ្នាក់ដឹកនាំសភាអាល្លឺម៉ង់ពីបទឈប់បាញ់ដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ។ កិច្ចព្រមព្រៀងនេះបានផ្តួចផ្តើមឡើងដោយ ឯកឧត្តមប្រធានាធិបតីអាមេរិក ដោយមានការសម្របសម្រួលផ្តល់ទីតំាងចរចា ដោយឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនរបស់អាស៊ាន និងមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាមិត្តមួយចំនួនទៀត ដែលក្នុងនោះក៏មានតំណាងសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ កិច្ចព្រមព្រៀងឈប់បាញ់នេះ គឺជាក្តីប្រាថ្នាចង់បានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងពលរដ្ឋកម្ពុជាទំាងក្នុងនិងក្រៅប្រទេស។ កម្ពុជានឹងខិតខំអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានម៉ឺងម៉ាត់បំផុត មានប្រសិទ្ធភាពខ្ពស់ ដើម្បីសុខសន្តិភាពពលរដ្ឋទំាងសងខាង។ 

លោកជំទាវ Anke Rehlinger បានយល់ស្របចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដោយបានគូសបញ្ជាក់ថាសន្តិភាពមានតម្លៃណាស់សម្រាប់ការអភិវឌ្ឍ។ ពលរដ្ឋទូទំាងសកលលោកត្រូវការសន្តិភាព។ ប្រទេសអាល្លឺម៉ង់ចូលរួមគំាទ្រ លើកទឹកចិត្តដល់ការអនុវត្តបទឈប់បាញ់នេះ ឱ្យមានប្រសិទ្ធភាពជាយូរអង្វែងទៅ។ 

ប្រធានព្រឹទ្ធសភាអាល្លឺម៉ង បានសម្តែងការអបអរសាទរពីការចម្រើនរបស់កម្ពុជា នៅក្នុងនោះលោកជំទាវ បានគូសបញ្ជាក់ថាអាល្លឺម៉ង់បានជំរុញការវិនិយោគនៅកម្ពុជាលើឧស្សាហកម្មធុនធ្ងន់មានឧស្សាហកម្មរថយន្តជាដើម។ អាល្លឺម៉ង់ចាប់អារម្មណ៍ក្នុងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបានចូលរួមចំណែកជួយស្វែងរកសន្តិភាព និងស្តារសេដ្ឋកិច្ច សង្គមដល់កម្ពុជាតំាងពីរដើមរហូតមក។ សភាកម្ពុជាស្វាគមន៍ការអញ្ជើញចូលរួមរបស់គណៈប្រតិភូ អាល្លឺម៉ង់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ហើយភ្ជាប់នឹងការចូលរួមនេះ កម្ពុជាអញ្ជើញឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សភាអាល្លឺម៉ង់ផងដែរ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភាសង្កត់ធ្ងន់ថាអាល្លឺម៉ង់ជាមិត្តល្អ ស្មោះត្រង់និងទុក្ខចិត្តខ្ពស់របស់កម្ពុជា ៕















Previous Post Next Post