ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ អមដំណើរដោយរដ្ឋបាលស្រុកកំពង់ត្រឡាច រដ្ឋបាលឃុំសែប បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមន្ត្រីការិយាល័យកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ និងប្រជាកសិករ នៅភូមិតាសុខ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកកំពង់ត្រឡាច ទទួលបន្ទុកផ្នែកកសិកម្ម មន្ត្រីការិយាល័យកសិកម្ម មន្ត្រីកសិកម្មឃុំ សមាជិកក្រុមប្រឹក្សាឃុំទទួលបន្ទុកផ្នែកកសិកម្ម មកពីឃុំកំពង់ត្រឡាច ឃុំពានី ឃុំសែប ឃុំតាជេស ឃុំថ្មឥដ្ឋ និងប្រជាកសិករសរុបចំនួន ២៧នាក់។
ក្នុងពិធីជួបសំណេះសំណាល និងពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សា ស្វែងយល់អំពីផលវិបាករបស់មន្ត្រីកសិកម្មឃុំ ក្នុងការបំពេញការងារនៅតាមមូលដ្ឋានឃុំ ដើម្បីស្វែងរកដំណោះស្រាយ និងជួយសម្រួលការងាររបស់មន្ត្រីកសិកម្មឃុំផងដែរ។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីកសិកម្មឃុំ ក៏បានផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីបច្ចេកទេសដាំដុះ ដោយផ្អែកលើដំណាំអាទិភាពស្រូវប្រាំង ស្រូវវស្សា ដោយពន្យល់ណែនាំអំពីបច្ចេកទេសពីការជ្រើសរើសពូជ តម្រូវទៅតាមទីផ្សារបច្ចុប្បន្ន និងបច្ចេកទេសចាប់ពីវគ្គធ្វើដី រហូតដល់វគ្គប្រមូលផល។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ត្រីការិយាល័យកសិកម្មស្រុក រដ្ឋបាលភូមិ-ឃុំ ត្រូវធ្វើការយ៉ាងស្អិតរមួតជាមួយនឹងមន្ត្រីកសិកម្មឃុំ ដោយប្រមូលផ្ដុំប្រជាពលរដ្ឋដែលប្រកបរបរដាំដុះ ដើម្បីបង្កេីតជាសហគមន៍កសិកម្ម ដែលអាចផ្គត់ផ្គង់បន្លែនៅលើទីផ្សារ ក្នុងបរិមាណ និងតម្លៃមួយស្ថិរភាព។
បន្ថែមពីលើនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ណែនាំដល់មន្ត្រីការិយាល័យកសិកម្មស្រុក ត្រូវបង្កើតស្លាកសញ្ញា ដើម្បីដាក់នៅមុខទីតាំងផ្ទះដែលដាំដំណាំ ដើម្បីបង្កើនការផ្សព្វផ្សាយបានមួយកម្រិតទៀត។
យ៉ាងណាមិញ ឯកឧត្តមបណ្ឌិត បានបន្ថែមថា មន្ត្រីកសិកម្មឃុំ ត្រូវពន្យល់ណែនាំប្រជាពលរដ្ឋអំពីគុណភាពនៃផលិតផល ដែលដាក់លក់នៅលើទីផ្សារដូចជាពូជដំណាំ ជី ថ្នាំបំប៉នផ្សេងៗ ជូនប្រជាពលរដ្ឋ ប៉ុន្តែមិនត្រូវធ្វើជាអ្នកផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនឯកជនណាមួយឡើយ។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួនជូនលោកស្រី ស៊ឹម មឿន ជាកសិករ និងជាម្ចាស់ផ្ទះផងដែរ ៕








