ភ្នំពេញ៖ ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្តក្រចេះ បានថ្លែងថា អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល។
ការលើកឡើងរបស់ ឯកឧត្តម ស្រេង សុភាព នាឱកាសអញ្ជើញជាតំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តក្រចេះ និងអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងខេត្តក្រចេះ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម ស្រេង សុភាព អភិបាលខេត្ត បានមានប្រសាសន៍ថា «អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ និង គាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល និងធ្វើសកម្មភាពនៅ ក្នុងវិស័យសំខាន់ៗ ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសកម្ពុជា។ អង្គការសង្គមស៊ីវិល ក៏បានចូលរួមផងដែរក្នុងការតស៊ូមតិឱ្យមានកំណែទម្រង់នានា ដើម្បីលើកកម្ពស់សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ច្បាប់ សេវាសង្គម បរិស្ថាន សុខុមាលភាពស្ត្រី និងកុមារ»។
ឯកឧត្តមអភិបាលរងខេត្ត បានជំរុញ និងលើកទឹកចិត្តតាមគ្រប់រូបភាពទាំងអស់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើសកម្មភាព មនុស្សធម៌ ការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋក្រីក្រ ការរួមចំណែកជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ផ្អែកតាមបញ្ជីគោល ដែលក្រសួងមហាផ្ទៃបានផ្តល់ជូន នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ គិតត្រឹមខែមីនា ឆ្នាំ២០២៤ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួង មហាផ្ទៃ សរុបចំនួន ៤៩អង្គការ សមាគម ក្នុងនោះ សមាគមចំនួន២៧ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន២២។ ហើយមន្ត្រីបង្គោលរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលទទួលបានការបណ្តុះបណ្តាលពីក្រសួងមហាផ្ទៃ បានចុះធ្វើជំរឿនបំពេញព័ត៌មានលើសលាកបត្រ ដែលរៀបចំដោយក្រសួងមហាផ្ទៃ។ បានស្វែងរកឃើញសរុប ២៦ (សមាគម ១៩ និងអង្គការ ៧), ស្វែងរកឃើញ មិនអាចផ្តល់សាលកបត្រ ព័ត៌មានសរុប០៤ (សមាគម ០៣ និងអង្គការ ០១), ស្វែងរកមិនឃើញ សរុប ១៩ (សមាគម ០៥ និងអង្គការ ១៤)។ ជារួមគិតត្រឹមខែមិថុនា ឆ្នាំ២០២៥ ខេត្តក្រចេះមានសមាគម និងអង្គការ បានធ្វើ សកម្មភាពក្នុងខេត្តក្រចេះ សរុបចំនួន៥៧ សមាគម អង្គការ ក្នុងនោះ សមាគម និងអង្គការជាតិ សរុប ចំនួន ៤៦ (សមាគម ៣០, អង្គការ ១៦) អង្គការអន្តរជាតិ ចំនួន១១។
ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត ក៏បានស្នើឱ្យ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ចៀសវាងជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ការចូលរួមជាមួយក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិនិងបរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ ដើម្បីពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ៕












