ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី


ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរចាំបាច់នានា និងផ្តល់នូវទស្សនាទាននិងអនុសាសន៍ដឹកនាំ ក្នុងគោលដៅពង្រឹងនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាព សមិទ្ធកម្មការងារ ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការ, អគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ត្រីជាច្រើនរូប។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងនូវអំណរគុណ និងផ្ដល់មូលវិចារខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីបុរេសកម្ម ទទួលខុសត្រូវ និងសាមគ្គីផ្ទៃក្នុងខ្ពស់ សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីកត់សម្គាល់ ទាំងទិដ្ឋភាពបច្ចេកទេស នយោបាយ និងរដ្ឋបាល ជាពិសេសលទ្ធផលជោគជ័យនៃការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ដែលជាការជួបជុំគ្នាជាមហាគ្រួសារមួយដ៏ធំមិនធ្លាប់មានពីមុនមករបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ហើយថ្មីៗនេះបានប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ វឌ្ឍនភាពនិងសមិទ្ធផលដែលសម្រេចបាន គឺបានឆ្លុះបញ្ចាំងពី «ការចាប់ផ្ដើមដ៏រឹងមាំ ការបោះជំហានមួយៗ ខ្លីៗ តែរឹងមាំ» និងបានបង្ហាញពីការចូលរួមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ជាកម្លាំងឯកភាពមួយ ដើរលើផ្លូវត្រូវ ផ្លូវតែមួយ គោលដៅតែមួយដោយឈរលើអភិក្រម «ទៅមុខទាំងអស់គ្នា រស់ទាំងអស់គ្នា ប្រកបដោយបរិយាបន្ន» ក្នុងកិច្ចការបម្រើនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រី ក៏ដូចជាដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនទាំងមូល។


បន្ទាប់មក អង្គប្រជុំបានធ្វើការពិភាក្សាលើរបៀបវារៈ រួមមាន៖ ការរៀបចំកម្មវិធីនវានុវត្តន៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី, ក្របខ័ណ្ឌនៃការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនិងអង្គភាពចំណុះ, ការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុង, ការបង្កើតគណៈកម្មការលើកកម្ពស់អភិបាលកិច្ច, ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីរាជការ និងការពង្រឹងប្រសិទ្ធភាពកិច្ចប្រជុំតាមនីតិវិធីនៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត។


ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្តល់ការណែនាំនិងអនុសាសន៍មួយចំនួនពាក់ព័ន្ធការងាររៀបចំកម្មវិធីនវានុវត្តន៍ទីស្ដីការគណៈរដ្ឋមន្ត្រី និងក្របខ័ណ្ឌនៃការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនិងអង្គភាពចំណុះ ហើយកិច្ចការនេះត្រូវផ្អែកលើ «ផែនការយុទ្ធសាស្ត្រ ទីស្ដីការគណៈរដ្ឋមន្ត្រី ២០២៤-២០២៨» និង «ផែនទីបង្ហាញផ្លូវស្ដីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្ដីការគណៈរដ្ឋមន្ត្រី ២០២៤-២០២៨»។ ដោយឡែក ចំពោះការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុង, ការបង្កើតគណៈកម្មការលើកកម្ពស់អភិបាលកិច្ច និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការ គឺត្រូវអនុវត្តស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។ 


ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំឱ្យរៀបចំគោលការណ៍ណែនាំផ្ទៃក្នុងពាក់ព័ន្ធនឹងការតែងតាំងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធទីស្ដីការគណៈរដ្ឋមន្រ្តី ដោយឈរលើគោលការណ៍គុណាធិបតេយ្យ និងគុណតម្លៃនៃទីស្ដីការគណៈរដ្ឋមន្ត្រី  និងការរៀបចំយន្តការនិងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់មតិយោបល់លើសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលឆ្លងតាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី និងការរៀបចំសេចក្ដីជូនដំណឹង (សជណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី ។


ក្នុងឱកាសនេះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបញ្ជាក់បន្ថែមថា ទីស្តីការគណៈរដ្ឋមន្រ្តីបាននិងកំពុងអនុវត្តនូវការដ្ឋានកែទម្រង់ជាច្រើនពាក់ព័ន្ធការកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្ដោតពិសេសលើការពង្រឹងអភិបាលកិច្ច ការអភិវឌ្ឍស្ថាប័ន និងមូលធនមនុស្ស។ 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី បន្តត្រៀមសហការ និងចូលរួមក្នុងការអនុវត្តការកែទម្រង់នេះ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបានផ្ដល់នូវការលើកទឹកចិត្តឱ្យបន្តខិតខំអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវអភិក្រមការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសម្រេចបាននូវជោគជ័យបន្ថែមទៀត និងទទួលបានទំនុកចិត្តពីសម្តេចធិបតីនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រី ៕


























Previous Post Next Post