ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដានេះថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះព្រំដែនដែលកំពុងបន្តរវាងប្រទេសថៃ និងកម្ពុជា ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងដោះស្រាយជម្លោះរបស់ពួកគេបានយ៉ាងត្រឹមត្រូវតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។
ដោយកត់សំគាល់ថា ប្រទេសថៃ និងកម្ពុជា គឺជាអ្នកជិតខាងដ៏មិត្តភាពរបស់ប្រទេសចិន និងជាសមាជិកដ៏សំខាន់នៃអាស៊ាន លោក Guo Jiakun បានបញ្ជាក់ថា ភាពជាអ្នកជិតខាងល្អ និងការដោះស្រាយភាពខុសគ្នាឱ្យបានត្រឹមត្រូវ គឺស្របតាមផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ភាគីទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានបញ្ជាក់ទៀតថា ដោយគិតពីផលប្រយោជន៍រួម និងកង្វល់របស់បណ្តាប្រទេសក្នុងតំបន់ ប្រទេសចិនប្រកាន់ជំហរយុត្តិធម៌ និងមិនលំអៀង បន្តជំរុញការពិភាក្សាដើម្បីសន្តិភាពតាមមធ្យោបាយរបស់ខ្លួន និងដើរតួនាទីស្ថាបនាក្នុងការជួយបន្ថយស្ថានការណ៍កាន់តែតានតឹង ៕
ប្រភព៖ XINHUA NEWS

