អ្នកនាំពាក្យក្រសួងសាធារណការ៖ ដំណើរការបោះបង្គោលព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅចុងសប្តាហ៍នេះហើយ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកនាំពាក្យក្រសួងសាធារណការ៖ ដំណើរការបោះបង្គោលព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅចុងសប្តាហ៍នេះហើយ


ភ្នំពេញ៖ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ចុងសប្តាហ៍នេះហើយ។


ជាក់ស្តែងនាថ្ងៃទី២២ ខែកក្កដានេះ ក្រុមការងារបានធ្វើសកម្មភាពនៅតំបន់ចុងទី ដោយបានចុះបោះបង្គោលនិយាមកាដំបូងលើផ្ទៃសមុទ្រ (ខេត្តកែប) បានដោយជោគជ័យ។ ក្រុមការងារនឹងបន្តបោះបន្ថែមទៀត ទៅតាមផែនការ និងតាមគោលដៅ ដែលបានគ្រោងទុកនៅលើផ្ទៃសមុទ្រ។


គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោបានដោយជោគជ័យតាមកំណាត់ ឆ្លងកាត់ភូមិសាស្ត្រខេត្តនីមួយៗ ក្នុងនោះរួ​មមាន៖ កំណាត់ទី១ ប្រវែងជាង២១គីឡូម៉ែត្រ ពីចំណុចដើមទី នៃតំបន់ព្រែកតាកែវ (ទន្លេមេគង្គ)-ព្រែកពោធិ៍ (ទន្លេបាសាក់) ក្នុងភូមិស្រ្តាខេត្តកណ្តាលចំនួន ១៥៥បង្គោល។ កំណាត់ទី២ ពីចំណុចព្រែកតាហ៊ីង (ទន្លេបាសាក់) ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តតាកែវចំនួន ២៣២បង្គោល, ខេត្តតាកែវចំនួន ៥៥២បង្គោល, ខេត្តកំពតចំនួន ៨០១បង្គោល និងខេត្តកែបមានចំនួន ១៨០បង្គោល ដោយសរុបទាំងអស់មានចំនួន ១៩២០បង្គោល។


ដំណាក់កាលបន្ទាប់ ក្រុមការងារដោះស្រាយផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះវាស់វែងក្បាលដីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ តាមយន្តការដោះស្រាយផលប់ះពាល់របស់រាជរដ្ឋាភិបាល ដោយមិនឱ្យបងប្អូនប្រជាពលរដ្ឋណាមួយបាត់បង់ផលប្រយោជន៍ឡើយ។


គម្រោងព្រែកជីហ្វូណនតេជោ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។


ផ្លូវទឹកមួយខ្សែនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាលប្រវែង៥៤គ.ម ខេត្តតាកែវប្រវែង ៦០គ.ម ខេត្តកំពតប្រវែង ៤៣គ.ម និងខេត្តកែបប្រវែង១៧,៥ គ.ម ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។


ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគម្រោងនេះរួមមាន៖ ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។


អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។


ឯកឧត្តម ផន រឹម បានបញ្ជាក់ថា នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។ លើសពីការដឹកជញ្ជូន គម្រោងនេះរួមបញ្ចូលការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ ហើយត្រូវបានរំពឹងថានឹងបង្កើនផលិតភាពកសិកម្មតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។ បន្ថែមពីនេះ វាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកាន់តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ។


គួររម្លឹកដែរថា គម្រោងដ៏ធំសម្បើមនេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គម្រោងនេះ បាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តម ផន រឹម បានបញ្ជាក់ឲ្យដឹងថា គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនិងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយមានការចូលរួមគាំទ្រយ៉ាងកងរំពងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ គម្រោងព្រែកជីកនេះនេះត្រូវបានរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ ៕
























Previous Post Next Post