ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ស្នើឱ្យអង្គសិក្ខាសាលាត្រីភាគី ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» បន្ថែមការចាប់អារម្មណ៍លើការរើសអើងនិងការប្រើហិង្សាលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ស្នើឱ្យអង្គសិក្ខាសាលាត្រីភាគី ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» បន្ថែមការចាប់អារម្មណ៍លើការរើសអើងនិងការប្រើហិង្សាលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ


ភ្នំពេញ៖
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញអំពីរូបភាពនៃការប្រព្រឹត្តិអំពើហិង្សាពីសំណាក់ក្រុមជ្រុលនិយមថៃមកលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ ការបង្ហាញនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាត្រីភាគី ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អង្គការវិជ្ជាជីវៈរបស់និយោជក, អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» នៅសណ្ឋាគារកាំបូឌីយ៉ាណា។


ក្នុងពីធីបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តដោយជោគជ័យនូវ កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) នាពេលកន្លងមកនេះ។ នៅក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន មាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត និងវៀតណាម ដែលអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេស របស់អង្គការ ILO ហើយកម្ពុជា ជាប្រទេសមួយក្នុងចំណោម ៨ប្រទេសខាងលើ ដែលបានអនុវត្តកម្មវិធីនេះយូរជាងគេ ពោលគឺចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ គឺកម្ពុជាកំពុងអនុវត្តដំណាក់កាលទី៦។ នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាដ៏រឹងមាំ ដើម្បីធ្វើឱ្យប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយតំណាងត្រីភាគី និងដៃគូ ពាក់ព័ន្ធ, និងការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមការងារនានា ដែលស្របទៅតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិមុនៗ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។


ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានយកឱកាសនេះដើម្បីឱ្យអង្គសិក្ខាសាលាទាំងមូល ជាពិសេស អង្គការ ILO បន្ថែមការចាប់អារម្មណ៍លើការលេចចេញនូវសកម្មភាពរើសអើង និងអំពើហិង្សាមួយចំនួនទៅលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃពីសំណាក់ក្រុមជ្រុលនិយមថៃ។ ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាពិភាក្សារកដំណោះស្រាយជាក់ស្ដែងលើកស្ទួយដល់សិទ្ធិពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ក៏ដូចជាអ្នកដែលបាននិងកំពុងវិលចូលមកស្រុកវិញយ៉ាងគំហុក ដោយសារតែពួកគាត់ព្រួយបារម្ភចំពោះសុវត្ថិភាព។ 


ឯកឧត្ដមរដ្ឋមន្ត្រី បានលើកជាសំណូមពរដល់ អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រួមទាំងការិយាល័យនៃអង្គការទាំង២ ប្រចាំនៅប្រទេសកម្ពុជា និងប្រទេសថៃ ដោយស្នើឱ្យមានកិច្ចអន្តរាគមន៍ភ្លាមៗ ប្រឆាំងការរើសអើង និងការប្រើហិង្សាលើពលករទេសន្តរប្រវេសន៍កម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សំដៅលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ ស្របតាមលិខិតបទដ្ឋានអន្តរជាតិ។ 


សូមបញ្ជាក់ផងដែរថា សិក្ខាសាលាត្រីភាគី ស្ដីពី «ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» មានសមាសភាពចូលរួមពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងពាក់ព័ន្ធ, អង្គការអន្តរជាតិខាងការងារ (ILO), សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA), ក្រុមប្រឹក្សាសហជីពជាតិសម្រាប់កម្មវិធី DWCP សរុបប្រមាណជិត១០០នាក់ ៕




















Previous Post Next Post