ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យការរៀបចំទីទួលសុវត្ថិភាពត្រៀមសម្រាប់ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ និងដើម្បីឆ្លើយតបសង្គ្រោះបន្ទាន់ នៅពេលមានទឹកជំនន់ទន្លេមេគង្គ ឬជំនន់ទឹកភ្លៀងកើតឡើង នៅទួលសុវត្ថិភាពតាឃីន ស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញណែនាំដល់អាជ្ញាធរស្រុក-ឃុំ ដូចខាងក្រោម៖
-ត្រូវត្រៀមរៀបចំបោសសម្អាត កាប់ឆ្ការព្រៃ ជួសជុល និងកែលម្អ នៅជុំវិញទួលសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួយនៅពេលជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ
-ត្រូវតាមដានត្រួតពិនិត្យជាប្រចាំនូវមុខសញ្ញាគ្រោះថ្នាក់ហានិភ័យ ដែលអាចគំរាមកំហែងផ្សេងៗដូចជា៖ ទឹកជំនន់, លង់ទឹក, ខ្យល់កន្ត្រាក់, អគ្គិភ័យ, រន្ទះបាញ់ ជាដើមដល់ប្រជាពលរដ្ឋងាយរងគ្រោះ
-ត្រូវចុះពិនិត្យ និងហាមឃាត់ចំពោះសកម្មភាពចូលកាប់ទន្រ្ទានយកដីក្នុងតំបន់ទីទួលសុវត្ថិភាព។
ក្នុងឱកាសនោះឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានឧបត្ថម្ភថវិកាចំនួន២០មុឺនរៀល សម្រាប់បោសសម្អាត កាប់ឆ្ការព្រៃនៅទួលសុវត្ថិភាពផងដែរ ៕










