ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នៅទីតាំងសាលាបឋមសិក្សាសំបូរ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះចៅអធិការវត្តព្រះវិហារធំសរសរ១០០ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មន្ត្រីរាជការ មន្រ្តីរដ្ឋបាលព្រៃឈើ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។
ដើម្បីបំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យចូលរួមដាំដុះព្រៃឈើស្រលាញ់ថែរក្សាការពារព្រៃឈើសត្វព្រៃឡើងវិញដើម្បីប្រែក្លាយទីនេះឲ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ ឱ្យកាន់តែសំបូរឡើងថែមទៀត។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍បញ្ជាក់ថា បុណ្យរុក្ខទិវា ជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិកម្ពុជាដោយបានរៀបចំប្រារព្ធឡើងរាល់ឆ្នាំ តាំងតែពីសម័យសង្គមរាជនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវរាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ តាមរយៈពិធីបុណ្យរុក្ខទិវា ៩ កក្កដានេះដែលបានប្រារព្ធឡើងប្រជាជាតិកម្ពុជាបានយល់ច្បាស់ និងកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីការលើកកម្ពស់ការដាំកូនឈើ និងការថែរក្សានិរន្តរភាពព្រៃឈើ នៅព្រះរាជាណាចក្រកម្ពុជាយើងធនធានព្រៃឈើបានផ្ដល់នូវពហុប្រយោជន៍មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិតាំងពីដើមរៀងមក។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីរបស់ជាតិយើង ដូច្នេះសូមបងប្អូនមានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ សូមកុំជឿតាមការញុះញង់អុចអាលរបស់ក្រុមប្រឆាំង និងជនអគតិមួយចំនួនទាំងនៅក្នុង និងក្រៅប្រទេសដែលមានបំណងមិនល្អលាបពណ៌មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងខិតខំយ៉ាងស្វាហាប់ដើម្បីបុព្វហេតុជាតិមាតុភូមិយើង។
ឯកឧត្តមអភិបាលខេត្ត បានជំរុញផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំដាំដំណាំរួមផ្សំជុំវិញផ្ទះឱ្យបានច្រើនចេះជាងចំណាយថវិកាទិញបន្លែបង្ការដែលនាំចូលពីក្រៅប្រទេសដែលពុំសូវមានសុវត្ថិភាព អាចប៉ះពាល់ដល់សុខភាពអាចខាតបងដល់ថវិការគ្រួសារដែលបានខិតខំរកមកដោយលំបាក ដោយកុំទុកដីទំនេរចោលឥតប្រយោជន៍។ ជំនួសមុខឱ្យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំបូរទាំងមូល ដែលបានចូលរួមបរិច្ចាក ជាថវិការក្តី ជាសម្ភារះក្តីដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខរបស់ខ្មែរយើងដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែន (កម្ពុជា-ថៃ) ក្នុងន័យការពារបូរណៈភាពទឹកដីដែលប្រទេសជិតខាងកំពុងតែឈ្លានពានចង់ដណ្ដើមយកជាពិសេសនៅតំបន់មុំបី នៃខេត្តព្រះវិហារ ក្នុងនោះក៏មានប្រាសាទតាមាន់ធំ ប្រាសាទតាមមាន់តូច និងប្រាសាទតាក្របីផងដែរ ដែលប្រទេសថៃឈ្លានពានចង់បាន ទាំងនេះគឺជាទឹកចិត្តកាយវិការដ៏ល្អប្រពៃក្នុងការរួបរួមជាចលនាមួយសម្រាប់លើកទឹកចិត្តដល់បងប្អូនវីរះកងទ័ពជួរមុខរបស់ខ្មែរយើង ៕

























