ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារក្រសួង ស្ថាប័នចំនួន៤។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការបរទេស តំណាងក្រសួងសុខាភិបាល តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ដែលជាក្រុមការងារនៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡងប្រជែងជាច្រើនរូប។
តាមការគ្រោងទុក កិច្ចប្រជុំនឹងត្រូវបែងចែកជាពីរថ្ងៃរួមមាន៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារនៅតាមឃុំ/សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី១) ដែលនឹងមានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន ៥,១១១នាក់។ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ជាការប្រឡងប្រជែងជ្រើសរើសមន្រ្តីការទូតជាន់ខ្ពស់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ (វិញ្ញាសាសរសេរលើកទី១) និងការប្រឡងប្រជែងជ្រើសរើសមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារសម្រាប់មុខតំណែងវិជ្ជាជីវៈសុខាភិបាល ដែលនឹងមានបេក្ខជនចូលរួមប្រឡងប្រជែងចំនួន ៣,៣១៧នាក់។ ការប្រឡងប្រជែងទាំងពីរ នឹងប្រព្រឹត្តទៅនៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕