ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ៖ គ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុកទាំងអស់ គឺប្រៀបប្រដូចជាទូត ក្នុងការពាំនាំនូវការផ្សព្វផ្សាយពីចំណុចល្អៗ ព្រមទាំងសក្តានុពលទេសចរណ៍ក្នុងខេត្ត ជូនដល់ទេសចរជាតិ-អន្តរជាតិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ៖ គ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុកទាំងអស់ គឺប្រៀបប្រដូចជាទូត ក្នុងការពាំនាំនូវការផ្សព្វផ្សាយពីចំណុចល្អៗ ព្រមទាំងសក្តានុពលទេសចរណ៍ក្នុងខេត្ត ជូនដល់ទេសចរជាតិ-អន្តរជាតិ


ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានលើកឡើងថា បងប្អូនគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុកទាំងអស់ គឺប្រៀបប្រដូចជាទូត ក្នុងការពាំនាំនូវការផ្សព្វផ្សាយបន្តពីចំណុចល្អៗ ព្រមទាំងសក្តានុពលទេសចរណ៍ដែលមាននៅក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកកម្សាន្តឱ្យកាន់តែច្រើនឡើង។


ឯកឧត្តម កែវ រតនៈ បានលើកឡើងបែបនេះ នៅស្នាក់ការគណបក្សខេត្ត ក្នុងពិធីជួបសំណេះសំណាល និងផ្តល់ជូនឯសណ្ឋានគ្រួសារម៉ូតូឌុបក្នុងក្រុងពោធិ៍សាត់ ចំនួន៤៨៣នាក់ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ដោយបានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ ព្រមទាំងលោកអភិបាលរងខេត្ត ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៧ អភិបាលក្រុង និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។


បន្ទាប់ពី លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានធ្វើសេចក្តីរាយការណ៍ អំពីបច្ចុប្បន្នភាពប្រជាពលរដ្ឋ ដែលប្រកបរបររត់ម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក នោះរួចមក, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីរីករាយ ដែលបានជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក ទាំង៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ក្នុងគោលបំណងបានប្រាស្រ័យទំនាក់ទំនងគ្នា ដើម្បីជំរុញលើកស្ទួយសេដ្ឋកិច្ចពួកគាត់ ឱ្យមានការរីកចម្រើនលូតលាស់បន្ថែមទៀត។


ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព មកដល់ពេលនេះ គឺបានមកពីការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនឆ្នើមៗជាច្រើនទៀត ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។ ដូច្នេះហើយ សូមបងប្អូនគ្រួសារម៉ូតូឌុប ផាសស្អាប់ និងម៉ូតូកង់បី/តុកតុក រួមគ្នាថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃ ឱ្យបានគង់វង្ស និងកុំជឿតាមការឃោសនាអកុសល្យ របស់ជនមួយក្តាប់តូច ដែលមានបំណងបំផ្លាញនូវសេចក្តីសុខយើង ដែលត្រូវការសន្តិភាព និងការអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចម្រើនឈានឡើង។


យើងដឹងហើយថា រយៈពេលជាង២០ខែមកនេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានជួបនូវបញ្ហាប្រឈម និងវិញ្ញាសាជាច្រើន តែត្រូវបានដោះស្រាយជាបន្តបន្ទាប់ ពាក់ព័ន្ធវិស័យទេសចរណ៍ វិស័យអចលនទ្រព្យ ក៏ដូចជាវិបត្តិសេដ្ឋកិច្ចដែលបន្សល់ទុកពីសម័យកូវីដ និងសង្គ្រាមសកលលោក ពិសេសបញ្ហាព្រំដែន ជាមួយប្រទេសថៃ។


ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា សម្រាប់ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានផ្តល់អាទិភាពខ្ពស់ ព្រមទាំងបានលើកទឹកចិត្តដល់វិនិយោគគិនក្រៅប្រទេស ឱ្យចូលមកបន្តាក់ទុនវិនិយោគក្នុងខេត្ត កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែងថ្មីៗនេះយើងមានរោងចក្រជាច្រើន បានកំពុងសាងសង់ និងបានដំណើរការខ្សែច្រវ៉ាក់ផលិត នៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ។ ហើយនៅថ្ងៃខាងមុខ ទីតាំងនោះក៏អាចក្លាយជាទីកន្លែងឧស្សាហកម្មធនតូច និងមធ្យមផងដែរ។ នេះដោយសារតែប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល តែងតែគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ឈ្នះដាច់គ្រប់អាណត្តិ។


ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងគាំទ្រ និងសាទរដល់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ជុំវិញផែនការកែប្រែមាត់ស្ទឹង ឱ្យមានកន្លែងលក់ដូរ កន្លែងហាត់ប្រាណ មានសណ្តាប់ធ្នាប់ល្អ, ការដាំដាំឈើ, ការបំពាក់ភ្លើងបំភ្លឺ តាមទីសាធារណៈ និងមានវិធានការចំពោះបញ្ហាសំរាម រហូតផ្ទុះការចាប់អារម្មណ៍ ដល់បណ្តាខេត្តក្រុងដ៏ទៃផ្សេងទៀត។


ឯកឧត្តមរដ្ឋមន្ត្រី សូមឱ្យគ្រួសារម៉ូតូឌុបក្រុងពោធិ៍សាត់ទាំងអស់ រួមគ្នាមួយដៃមួយជើង ដើម្បីភាពរីកចម្រើនសម្រាប់ខេត្តយើង ដូចជាការជួយផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍របស់ខេត្ត, ចូលរួមថែរក្សាការពារព្រៃឈើ និងដាំដើមឈើឱ្យបានច្រើនក្នុងរដូវវស្សានេះ...។ល។ ត្រូវចេះរួបរួមសាមគ្គីគ្នា ក្នុងជំហរជាតិតែមួយ ចេះយកអាសារទៅវិញទៅមក និងត្រូវធ្វើជាកម្លាំងសម្ងាត់ (បុគ្គលម្នាក់ ជាភ្នាក់ងារសន្តិសុខម្នាក់) ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ទប់ស្កាត់ក្មេងទំនើង បញ្ហាគ្រឿងញៀននៅមូលដ្ឋាន ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានដាក់ចេញ។


ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី សូមស្នើដល់អភិបាលក្រុង និងចៅសង្កាត់ទាំង៧ ត្រូវមានការគ្រប់គ្រងបច្ចុប្បន្នភាព បញ្ជីស្នាម គ្រួសារម៉ូតូឌុបក្នុងក្រុងពោធិ៍សាត់ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ចៀសវាងខ្វះចន្លោះ ដែលនាំឱ្យខាតប្រយោជន៍ទៅថ្ងៃខាងមុខ ៕

















Previous Post Next Post