សភាកម្ពុជា និងអារ៉ាប៊ីសាអូឌីត ពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សភាកម្ពុជា និងអារ៉ាប៊ីសាអូឌីត ពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋ


ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រឹកថ្ងៃទី១ ខែ  កក្កដា ឆ្នាំ២០២៥នេះ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូសភា អារ៉ាប៊ីសាអូឌីត បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។


ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ និងគណៈប្រតិភូ សភាអារ៉ាប៊ីសាអូឌីត ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅកម្ពុជានាពេលនេះ។ 


សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកទី១នេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនៅក្នុងទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ ដែលត្រូវបានបន្តពូនជ្រំ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរជាណាចក្រកម្ពុជា ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា តួកគីយេ និងអេមីរ៉ាត អារ៉ាប់រួម កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ និងជំនួបពិភាក្សាការងាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំកន្លងទៅនោះ។


សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនាពេលនេះពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាថ្មីមួយទៀតដែលនឹងជួយពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ (កម្ពុជា-អារ៉ាប៊ីសាអូឌីត) ដែលបានកសាងឡើងចាប់តាំងពីខែតុលា ឆ្នាំ២០១០ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមមួយកម្រិតទៀត ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ កន្លងមកសភាប្រទេសទំាងពីរបានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា។ 


ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានគោរពអញ្ជើញ ឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ 


ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាមធ្យោបាយដ៏សំខាន់មួយដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរ ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនឡើង។ 


ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា គោលដៅអភិវឌ្ឍន៍កម្ពុជាដ៏ត្រឹមរបស់រាជរដ្ឋាភិបាលឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នោះ នឹងសម្រេចបានជោគជ័យជាមិនខានឡើយ។ 


ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលជាច្រើន ហើយប្រជាពលរដ្ឋខ្មែរមានក្រមសីលធម៌ខ្ពស់ ដែលជាប្រភពទាក់ទាញវិស័យទេសចរណ៍។ ឯកឧត្តមសង្ឃឹមថា កម្ពុជានិងអារ៉ាប៊ីសាអូឌីតនឹងភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងគ្រប់វិស័យកាន់តែងាយស្រួលឡើង។ 


ឯកឧត្តមបណ្ឌិត ប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត បានស្នើឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត រវាងសភាប្រទេសទំាងពីរ។ នៅក្នុងនោះ ឯកឧត្តមបណ្ឌិត បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅ អារ៉ាប៊ីសាអូឌីត នាពេលខាងមុខនេះ។


សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការគោរពអញ្ជើញនេះ ដោយសម្តេចបានគូសបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត។ 


ជាមួយគ្នានេះ សម្តេចមានជំនឿយ៉ាងមុតមាំថា ក្រោយពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាបានបញ្ចប់ទៅ ទំនាក់ទំនងប្រទេសទំាងពីរកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត នៅក្នុងនោះស្ថានទូត អារ៉ាប៊ីសាអូឌីត នៅក្នុងរាជធានីភ្នំពេញនឹងបើកដំណើរការជាផ្លូវការ។


នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរក៏ផ្លាស់ប្តូរព័ត៌មានពីទៅគ្នាទៅវិញទៅ ជុំវិញបញ្ហានយោបាយ សេដ្ឋកិច្ច និងបញ្ហាសកលផងដែរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍សន្តិភាព និងបានលះបង់គ្រប់បែបយ៉ាង រួមសុខរួមទុក្ខជាមួយពលរដ្ឋនៅគ្រប់កាលៈទេសៈរហូតមក។ មរតករបស់សម្តេចតេជោ ហ៊ុន សែន បានបន្តដឹកនាំ ដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភានេះ ប្រកដោយថាមវន្ត វ័យក្មេង ពោលពេញដោយសមត្ថភាព ចំណេះដឹងនិងសីលធម៌ខ្ពស់។ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្រ្តបច្ចកោណ ក្នុងការដឹកនាំកម្ពុជាឆ្ពោះសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។


សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព។ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិសហវិជ្ជមាន និងច្បាប់អន្តរជាតិ។ សម្តេចបានលើកឡើងថា ដូចឯកឧត្តមបណ្ឌិតប្រធានសភា ប្រាកដជាបានដឹង អំពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ ជាប្រទេសជិតខាង នាពេលថ្មីៗនេះ។ កម្ពុជាបានអនុវត្តមធ្យោបាយសន្តិវិធី តាមរយៈការចរចាទ្វេភាគី និងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់ភាពតានតឹង និងជម្លោះដែលនឹងអាចរីកធំឡើងនាពេលខាងមុខ។ កម្ពុជាបានបញ្ជូនសំណុំរឿងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទាក់ ទងនឹងតំបន់ចំនួនបួន រួមមាន៖ ១-តំបន់មុំបី ២-ប្រាសាទតាមាន់ធំ ៣-ប្រាសាទតាមាន់តូច និង៤-ប្រាសាទតាក្របី។ ទោះយ៉ាងនេះក្តី ក៏កម្ពុជានៅបន្តការចរចាទ្វេភាគីលើបញ្ហាព្រំដែន ដោយប្រើយន្តការដែលមានស្រាប់ ដូចជា៖ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជាដើម ដើម្បីដោះស្រាយជម្លោះនេះ។


នៅត្រង់ចំនុចនេះ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងបន្តថាមិនគួរណាភាគីថៃពង្រីកបញ្ហាព្រំដែន ទៅជាការបិទព្រំដែនឯកតភាគី ប៉ះពាល់ដល់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន ប៉ះពាល់ជីវភាពប្រជាពលរដ្ឋទំាងសងខាង។ កម្ពុជាដែលឆ្លងកាត់សង្រ្គាមច្រើនទសវត្សរន៍ មិនចង់ឃើញពលរដ្ឋរកទុក្ខលំបាកនោះឡើយ តែងតែព្យាយាមបង្រួមបញ្ហា។ បទពិសោធន៍បានបង្ហាញច្បាស់ហើយថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានទេ គឺមាន តែកិច្ចសន្ទនា និងការចរចា” ប៉ុណ្ណោះ។ 


សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានមោទនភាព និងសម្តែងនូវសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានលទ្ធផលជាក់ស្តែងថ្មីៗបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងសភា និងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធ រឹងមាំ ធន់ និងស្ថិតស្ថេរយូរអង្វែង ជាមួយនឹងក្ដីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត នឹងជំរុញដល់ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៏ ពីរព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីតមកកាន់កម្ពុជាកាន់តែច្រើនឡើង។ 


សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា អារ៉ាប៊ីសាអូឌីត មានសក្តានុពលវិស័យថាមពល ចំណែកកម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម។ កម្ពុជាសង្ឃឹមថា អារ៉ាប៊ីសាអូឌីត និងទទួលនាំចូលកសិផលពីកម្ពុជា និងវិនិយោគនៅលើវិស័យអាហារហាឡាល់នៅកម្ពុជាផងដែរ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាអារ៉ាប៊ីសាអូឌីតមិនគួរមើលកម្ពុជាត្រឹមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគួរមើលកម្ពុជាក្នុងក្របខណ្ឌអាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាទីផ្សារដ៏ធំមួយមានពលរដ្ឋរាប់លាននាក់ ៕
















Previous Post Next Post