ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង១២:០០នាទីរសៀល កម្លាំងផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវីធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងអគារលួចបើកអនឡាញខុសច្បាប់ ០១កន្លែង នៅខាងក្រោយបុរីសុខារេស៊ីដេន ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរ អគារមានកម្ពស់១១ជាន់ នៅបន្ទប់ជាន់ទី៨ និងទី១១ ដកហូតបានវត្ថុតាងដូចជា៖ កុំព្យូទ័រ ១៦គ្រឿង, ទូរស័ព្ទ ៩៥គ្រឿង, ipad ១៦គ្រឿង, យកូម០៤គ្រឿង , ខ្នោះដៃ១, ទូដែក១, ម៉ាស៊ីនព្រីន០៣, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង, ប្រអប់ដាក់គ្រឿងញៀន០១, តុធ្វើការ១៨, ថ្នាំម៉្សៅសថ្លាសង្ស័យសារធាតុញៀនមួយចំនួនធំ និងសម្លៀកបំពាក់ប៉ូលីសចិនមួយចំនួន។
បច្ចុប្បន្នជនជាតិចិនទាំងនោះ កំពុងត្រូវបាននគរបាលធ្វើការសួនាំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕






