កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស


ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។


ក្នុងឱកាសនៃជំនួប ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ 


ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលត្រូវបានកសាងឡើង លើមូលដ្ឋាននៃមិត្តភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ 


ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ផងដែរថា ហ្វីលីពីនបន្តផ្ដល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបញ្ជាក់ពីការបន្តចែករំលែកបទពិសោធន៍ និងការបណ្ដុះបណ្ដាលជំនាញដល់កងទ័ពជើងគោកកម្ពុជា និងបន្តរៀនសូត្រ ពីបទពិសោធន៍ កម្ពុជា វិញផងដែរ។ 


ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្ស ដែលជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាថ្មីម្ដងទៀត និងបានផ្ដាំផ្ញើការរសួរសុខទុក្ខជូនចំពោះ ឯកឧត្តមប្រធានាធិបតី Ferdinand R. Marcos Jr. និងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី មកកាន់កម្ពុជា នាពេលខាងមុខ។ 


សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។ ជាក់ស្ដែង ការបិទបញ្ចប់វគ្គហ្វឹកហ្វឺនថ្មីៗនេះ គឺជាសក្ខីភាពមួយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនៃកងទ័ពជើងគោកប្រទេសទាំងពីរ។  


សម្តេចបវរធិបតី សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការ ដ៏ល្អនេះ កងទ័ពនៃប្រទេសទាំងពីរ អាចពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក និងកងទ័ពអាកាស នៃប្រទេសទាំងពីរ ផងដែរ។ 


ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសការលើកកម្ពស់សមត្ថភាពកងទ័ព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មអ៊ីនធឺណិត ដែលកំពុងបន្តគំរាមកំហែងដល់សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងសកលលោក។  


សម្ដេចបវរធិបតី លើកទឹកចិត្តឱ្យកងទ័ពជើងគោកនៃប្រទេសទាំងពីរ បន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀតដេីម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ៕











Previous Post Next Post