ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកជំទាវ គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស (Kristiina Kuvaja Xanthopoulos) ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងបាងកក ដឹកនាំប្រតិភូតំណាងក្រុមហ៊ុន Vaisala, Wrirtsilii និង Nokia ប្រទេសហ្វាំងឡង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកជំទាវឯកអគ្គរដ្ឋទូត ព្រមទាំងប្រតិភូតំណាងក្រុមហ៊ុនហ្វាំងឡង់ទាំងអស់ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនហ្វាំងឡង់ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហការក្នុងការកៀរគរក្រុមហ៊ុនវិនិយោគសម្រាប់គម្រោងនានានៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូហ្វាំងឡង់ថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម បានកំណត់នូវអាទិភាពការងារនិងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់អនុវត្ត ជាពិសេសការកសាងប្រព័ន្ធធារាសាស្ត្រ និងអាងទឹកធំៗ ដើម្បីធានានូវសន្តិសុខទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ជជំនួបនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូតហ្វាំងឡង់ បានសម្ដែងនូវការអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ៕












