ភ្នំពេញ៖ នាល្ងាចថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ និងវីរកងទ័ពរងរបួស រងគ្រោះដោយសារសមរភូមិប្រយុទ្ធនៅព្រំដែន ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ១៦មករា និងមណ្ឌសុខភាព គូលែន ក្រោមការយកចិត្តទុកខ្ពស់បំផុតពីមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានណែនាំដល់មន្រ្តីសុខាភិបាល ក្រុមគ្រូពេទ្យទាំអស់ ត្រូវសម្របសម្រួលជួយគ្នាទៅវិញទៅមក ពេលនេះជាងវេលាណាៗទាំងអស់ ទោះស្ថិតនៅទីណាក៏ដោយ ដោយខិតខំអស់ពីសមត្ថភាព និងមធ្យោបាយលទ្ធភាព បម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ពិសេសវីរកងទ័ព ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាពខ្ពស់បំផុត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងសូមថ្លែងអំណរគុណ ដល់មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលកំពុងបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកនេះ អំពីទឹកចិត្ត ស្មារតីរួបរួមសាមគ្គីគ្នា បំពេញតួនាទីបានយ៉ាងល្អប្រសើរ សមនឹងពាក្យ «គ្រូពេទ្យជាកងទ័ពអាវស» ៕


































