ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និងឯកឧត្តម សុខ ពុទ្ធិវុធ សហប្រធានក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ម៉ៅ ស៊ា នៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅសមរភូមិភ្នំទ្រព្យ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និងឯកឧត្តម សុខ ពុទ្ធិវុធ សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារសពវីវៈកងទ័ពដ៏អង់អាចក្លាហាន និងបានចាត់ទុកការបាត់បង់វីរយុទ្ធជននេះគឺជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដែលតែងបានលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។
ទោះបីរូបរាងកាយរបស់អស់លោក បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរភាពតស៊ូ និងស្នាដៃរបស់លោក បានចារឹកទុកក្នុងប្រវត្តិសាស្ត្រជាតិ និងស្ថិតនៅក្នុងដួងចិត្ត ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ជានិច្ចនិរន្តរ៍។
ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង និងឯកឧត្តម សុខ ពុទ្ធិវុធ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន ម៉ៅ ស៊ា សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕













