ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមការងារបច្ចេកទេសពិសេសទទួលបន្ទុកលើការកំណត់និយាមកា និងការរៀបចំផែនទីលម្អិតគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ព្រមទាំងក្រុមការងារបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យទីតាំងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តកំពត និងខេត្តកែប។
សូមជម្រាបថា ដំណើរចុះពិនិត្យទីតាំងនាពេលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ព្រមទាំងមានការចូលរួមពីសមាជិកនៃក្រុមការងារបច្ចេកទេសពាក់ព័ន្ធ តំណាងអភិបាលនៃគណៈអភិបាលខេត្តទាំងពីរ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការចុះបេសកកម្ម គឺដើម្បីចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ និងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ដែលការងារនេះចាប់អនុវត្តពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដោយចាប់ផ្តើមពីព្រំប្រទល់ខេត្តតាកែវ ឆ្លងកាត់ខេត្តកំពត ដល់ទីតាំងចុងក្រោយនៃតម្រាយព្រែកជីក ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប ៕














