ភ្នំពេញ៖ នៅចំពោះមុខប្រធានរដ្ឋសភានៃប្រទេសម្ចាស់ផ្ទះ រៀបចំកិច្ចចរចាកម្ពុជានិងថៃកាលពីថ្ងៃទី២៨ ខែកក្កដានោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក ប្រទេសចិននិងបណ្តាប្រទេសជាមិត្តផ្សេងៗទៀតដែលបានផ្តួចផ្តើម រៀបចំនិងចូលរួមសង្កេតការណ៍ ធ្វើឱ្យជំនួបចរចាកម្ពុជានិងប្រទេសថៃ សម្រេចបាននូវលទ្ធផលដ៏ល្អមួយ ដាក់ចេញនូវបទឈប់បាញ់ដ៏មានតម្លៃដើម្បីសុខសន្តិភាពនិងសុវត្ថិភាពជូនពលរដ្ឋទំាងពីរប្រទេស។ សុខសន្តិភាពគឺជាបំណងប្រាថ្នាដ៏សំខាន់របស់ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល (Tan Sri Dato Dr Johari bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានកំពុងចូលរួមសន្និសីទកំពូលប្រធានសភាពិភពលោកលើកទី៦ ដែលរៀបចំឡើងដោយសហភាពអន្តរសភា(IPU)។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ពីជំហរស្មោះត្រង់ឥតងាករេរបស់កម្ពុជា ដែលបានប្តេជ្ញាចិត្តខ្ពស់អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាព ធានាការពារសុខសន្តិភាព វិបុលភាពជូនពលរដ្ឋ។
ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល បានអបអរសាទរជាខ្លំាងចំពោះបទឈប់បាញ់ប្រកបដោយអត្ថន័យ នៅក្នុងការធានាសុខសន្តិភាព ស្ថិរភាពសង្គមមិនត្រឹមកម្ពុជានិងថៃប៉ុណ្ណោះទេ តែសម្រាប់តំបន់និងសកលលោកផងដែរ។ ក្នុងនាមប្រធានអាស៊ាននិងប្រធានអន្តរសភាអាស៊ាន (AIPA) នៅក្នុងឆ្នាំនេះ ម៉ាឡេស៊ីនឹងបន្តតាមដានដោយយកចិត្តទុកដាក់និងបន្តចូលរួមសហការគ្រប់ភាគី ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះដំណើរការទៅដោយរលួននិងមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងឱកាសនោះថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ ពីសភាពការណ៍ពិភពលោកបច្ចុប្បន្ន ដែលមានការប្រែប្រួលមិនទៀងទាត់ ឆាប់រហ័សដោយការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច គួបផ្សំនិងការកើតឡើងនូវបញ្ហាសន្តិសុខមិនប្រពៃណី មានការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតជាដើមនោះ ទាមទារឱ្យមានការពង្រឹងច្បាប់អន្តរជាតិ គោលការណ៍ពហុនិយម ដើម្បីកាត់បន្ថយហានិភ័យ ជូនពលរដ្ឋ កសាងសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយសមធម៌និង បរិយាប័ន្ន។
សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល បានវាយតម្លៃខ្ពស់ពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិរវាងប្រទេសទំាងពីរកម្ពុជា-ម៉ាឡេស៊ីមានការរីកចម្រើនជាលំដាប់គួរជាទីមោទនៈ។
បន្ថែមពីនេះប្រធានរដ្ឋសភាប្រទេសទំាងពីរបានប្តេជ្ញាថានឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទសទំាងពីរទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិឱ្យកាន់តែរឹងមាំ ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀតដោយយកប្រជាពលរដ្ឋជាស្នូល។
សម្តេចរដ្ឋសភាធិបតី បានជូនពរឱ្យរដ្ឋសភាម៉ាឡេស៊ីទទួលជោគជ័យនៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នាពេលខាងមុខនេះនិងគូសបញ្ជាក់ថាសម្តេចនឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅចូលរួមមហាសន្និបាតនោះ ជាមិនខានឡើយ ៕














