រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀមលើដែនអធិបតេយ្យភាពកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀមលើដែនអធិបតេយ្យភាពកម្ពុជា


ភ្នំពេញ៖
នាព្រឹកថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពឈ្លានពានសៀមលើដែនអធិបតេយ្យភាពកម្ពុជា នៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គួររំលឹកជូនផងដែរថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្ដរាគមន៍លេខ៣ កងទ័ពជើងគោក បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៦៧ឆ្នាំ។ មរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតសម្រាប់ក្រុមគ្រួសារ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តមក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈ ដែលជាគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ប្រជាជន និងជាតិមាតុភូមិ ។

ក្នុងឱកាសដ៏សែនវិយោជាទីបំផុតនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ បានសម្តែងនូវសមានទុក្ខជាពន្លឹកជាមួយក្រុមគ្រួសារនៃសព និងបានសម្ដែងនូវការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានធ្វើពលីកម្មអាយុជីវិតក្នុងបុព្វហេតុការពារប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕












Previous Post Next Post