ឯកឧត្តម ផាន់ ចាន់ធុល ណែនាំអាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តពង្រឹងអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានល្អប្រសើរថែមទៀត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ផាន់ ចាន់ធុល ណែនាំអាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តពង្រឹងអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានល្អប្រសើរថែមទៀត


ភ្នំពេញ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការណែនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចជា កងកម្លាំងពាក់ព័ន្ធគ្រប់ស្ថាប័នទាំងអស់ បន្តពង្រឹងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានល្អប្រសើរថែមទៀត ពិសេសដោយផ្តោតសំខាន់ត្រូវមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន។


ការណែនាំរបស់ ឯកឧត្តម ផាន់ ចាន់ធុល នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” រយៈពេល ៦ខែ ដើមឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួម ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង៣ប្រភេទ មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានចូលរួមប្រារព្ធឡើងនៅសាលប្រជុំ «ក» សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ 


ដើម្បីឱ្យការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែភាពប្រសិទ្ធភាព ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការប្ដេជ្ញាចិត្តក្នុងការចូលរួមបង្ក្រាបរាល់បទល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តខេត្តទាំងមូល អនុវត្តទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាវរបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបនូវល្បែងអនឡាញគ្រប់ប្រភេទ។ 


ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា រដ្ឋបាលខេត្តរួមជាមួយ នឹងកងកម្លាំងពាក់ព័ន្ធបានធ្វើការបង្ក្រាបដល់ទីតាំងឆបោកតាមអនឡាញ និងល្បែងអនឡាញនៅក្នុងក្រុងប៉ោយប៉ែត បានជាបន្តបន្ទាប់ នឹងបានឃាត់ខ្លួនជនសង្ស័យក្នុងការបេីកល្បែងអនឡាញបានជាច្រើននាក់។


ឯកឧត្តមបានបញ្ជាក់បន្ថែមថា បន្តយុទ្ធនាការ ដូចភ្លៀងរលឹម បង្ក្រាបករណីឆបោកតាមអនឡាញ និងល្បែងអនឡាញ ឱ្យអស់ក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ។ 


ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា គណៈបញ្ជាការឯកភាពខេត្ត ក៏បានធ្វើការដាក់ចេញនូវបទបញ្ជាទៅដល់សមត្ថកិច្ចគ្រប់ក្រុង-ស្រុក បន្តអនុវត្តត្រួតពិនិត្យនៅតាមដងផ្លូវ ក៏ដូចជាទីតាំងសំខាន់ៗ ដើម្បីពង្រឹងការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅពេលយប់ផងដែរ។ 


ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណទៅដល់រដ្ឋបាលខេត្ត ក៏ដូចជា កងកម្លាំងពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រកបដោយភាពជោគជ័យនិងផ្លែផ្កា។ 


ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំទៅដល់រដ្ឋបាលខេត្ត ក៏ដូចជាកងកម្លាំងពាក់ព័ន្ធគ្រប់ស្ថាប័នទាំងអស់បន្តពង្រឹងអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ ពិសេសដោយផ្តោតសំខាន់ត្រូវមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការចូលរួមផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យពួកគាត់ចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ ដើម្បីធ្វើការបង្ក្រាបរាល់បទល្មើសផ្សេងៗ ដូចជាក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីគ្រឿងញៀន ៕














Previous Post Next Post