ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដារបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម និងអនុព័ន្ធពាណិជ្ជកម្មនៅក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។
កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍បូកសរុបការងារឆមាសទី១ ឆ្នាំ២០២៥ ស្តីពី ការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះទី៣១ និងទី៣៤ នៃក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
២. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងពាណិជ្ជកម្ម
៣. របាយការណ៍ស្ដីពីវឌ្ឍនភាពការងារលើការតាមដានតម្លៃទំនិញនៅលើទីផ្សារ
៤. របាយការណ៍ស្ដីពីវឌ្ឍនភាពការងារនៃការចុះបញ្ជីអចលនទ្រព្យរបស់ក្រសួងពាណិជ្ជកម្ម
៥. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់តំណាងពាណិជ្ជកម្ម ប្រចាំព្រះរាជាណាចក្រថៃ
៦. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់តំណាងពាណិជ្ជកម្ម ប្រចាំប្រទេសអូស្រ្តាលី
៧. បញ្ហាផ្សេងៗ។
គួរបញ្ជាក់ផងដែរថា នៅមុនពេលនៃកិច្ចប្រជុំចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី ព្រមទាំងអង្គប្រជុំបានចូលរួមស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់ ដែលបានពលីជីវិតនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ៕

