ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងកត់សម្គាល់ឃើញថា ត្រីនៅតំបន់បឹងទន្លេសាបកំពុងចាប់ផ្តើមសម្បូរឡើងវិញ ក្រោយពីកម្លាំងយោធភូមិទី៥ បើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជារៀងរាល់ថ្ងៃដូចភ្លៀងរលឹម នៅក្នុងភូមិសាស្គ្រខេត្តបឹងទន្លេសាប។
ឯកឧត្តម ខូយ រីដា បានថ្លែងកត់សម្គាល់ឃើញបែបនេះក្នុងឱកាសអ្នកដឹកនាំកម្លាំងចម្រុះចុះធ្វើប្រតិបត្តិការ បង្ក្រាបទល្មើសនេសាទត្រី ព្រមបានផ្តល់ស្បៀងនិងភេសជ្ជៈជូនដល់កម្លាំងចម្រុះដែលបាននឹងកំពុងបំពេញបេសកកម្មក្នុងបឹងទន្លេសាបស្ថិតក្នុង ឃុំកំពុងលួង ស្រុកក្រគរ នាថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥។
ការសម្បូរត្រីឡើងវិញនៅតំបន់បឹងទន្លេសាបនេះគឺក្រោយពីកម្លាំងយោធភូមិភាគទី៥ សហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទនៅក្នុងភូមិសាស្គ្រខេត្តជាប់បឹងទន្លេសាប។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ផ្អែកតាមគោលការការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ពង្រាយកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប និងបានបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់។ ប្រជានេសាទត្រូវប្រកបរបរនេសាទដោយស្របច្បាប់ មិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយត្រូវចូលរួមសហការជាមួយកងកម្លាំងដែលកំពុងអនុវត្តការងារ។ បើឃើញមានបទល្មើសនេសាទ ត្រូវរាយការណ៍ប្រាប់កងកម្លាំងចុះបង្ក្រាបនិងបំផ្លាញចោល និងចូលរួមរក្សាការពារមច្ឆជាតិឱ្យមានពងកូនបន្តពូជ ជាក់ស្តែងពេលនេះកំពុងចាប់ផ្តើមសម្បូរត្រីហើយក្នុងបឹងទន្លេសាប។
តាមរយៈនេះ ឯកឧត្តម ខូយ រីដា ក៏បានធ្វើការអំពាវនាវ ដល់ប្រជានេសាទដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងនៅជុំវិញបឹងទន្លេសាប គប្បីរួមគ្នា អភិរក្ស និងអភិវឌ្ឍន៍សំដៅធ្វើយ៉ាងណា ឱ្យធនធានជលផល និងធនធានធម្មជាតិកាន់តែប្រសើរ និងសម្បូរឡើងវិញ ៕















