ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥) ពិធីជាប្រវត្តិសាស្រ្តនេះប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការគណបក្សខេត្តរតនគិរី សាលប្រជុំឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។
ខួបអនុស្សាវរីយ៍នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាឆ្នាំនេះ ក៏បានប្រព្រឹត្តឡើងក្នុងបរិការណ៍ ដែលកម្ពុជាសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតលើគ្រប់វិស័យ។ ជួសមុខឱ្យគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងនូវអំណរអរគុណយ៉ាងក្រៃលែងបំផុតជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ធ្វើការបម្រើប្រជាជន រួមគ្នាក្នុងការអនុវត្ត តួរនាទី ភារកិច្ច ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានសមិទ្ធផលការងារយ៉ាងត្រចះ ត្រចង់ធំៗជាច្រើននារយៈពេលកន្លងមកនេះ។ ជំនឿទុកចិត្តរបស់ប្រជាជន គឺជាការទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពស្នេហារជាតិយ៉ាងពិតប្រាកដ។
ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានប្រកាសបន្តគោរពអនុវត្តដោយឥតលក្ខខណ្ឌ នូវរាល់គោលការណ៍ គោលការណ៍នយោបាយ សេចក្ដីណែនាំ និងសេចក្ដីសម្រេចនានារបស់ថ្នាក់លើ ដើម្បីរួមចំណែកធ្វើឲ្យគណបក្សប្រជាជនកម្ពុជា កាន់តែមានលទ្ធភាព ជំរុញដល់ការបង្កើតបានសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ជាតិ និងប្រជាជន និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់ និងនាំយកបញ្ហានេះដាក់ជូនទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
បន្ថែមលើនេះទៀត ឯកឧត្តមបានធ្វើការប្ដេជ្ញាចិត្តលើចំណុចមួយចំនួន និងបានស្នើដល់អង្គការចាត់តាំង គណបក្សគ្រប់ថ្នាក់ មន្ត្រីគណបក្សគ្រប់រូប ត្រូវធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖
ទី១៖ ប្ដេជ្ញា! គាំទ្រការពារ និងលើកកម្ពស់តួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ឲ្យកាន់តែរឹងមាំនៅគ្រប់ដំណាក់កាល។
ទី២៖ ប្ដេជ្ញា! បន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានសម្រេចជោគជ័យ។
ទី៣៖ ប្ដេជ្ញា! គាំទ្រកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអទិភាពគន្លឹះទាំង៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងបាវចនាពីរ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។
ទី៤៖ ប្ដេជ្ញា! ការពាររាជរដ្ឋាភិបាល ការពារសន្តិភាព និងស្ថេរភាពនយោបាយ មិនឲ្យអានុភាពប្រកិតិរិយាណាមកបំផ្លាញ់ជាដាច់ខាត។
ទី៥៖ ប្ដេជ្ញា! ការពារថែរក្សា ពូនជ្រំរាល់សមិទ្ធផលសង្គមជាតិ និងពង្រឹងពង្រីកនៅកេរ្តិ៍មរតក នៃជ័យជម្នះ៧មករា ឲ្យឋិតឋេរគង់វង្ស និងរីកចម្រើនរុងរឿងជារៀងរហូត។
ទី៦៖ ប្ដេជ្ញា! គោរពដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល និងការការពារដាច់ខាតនៅរដ្ឋអំណាចប្រជាជន ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត រួមទាំងថ្នាក់ដឹកនាំដែលជាស្នូលដឹកនាំ និងជាអគ្គមគ្គុទេសដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ៕












