ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលេីក ៧៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានថ្លែងថា នៅពេលដែលប្រទេសជាតិ និងប្រជាជនកម្ពុជាជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលក្រោកឈរដេីម្បីសង្រ្គោះ និងការពារ។ មានតែគណបក្សប្រជាជនកម្ពុជា ទើបជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប្រសើរឡើង។
ឯកឧត្ដម លី ធុជ បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងបង្កើតនូវនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជនកម្ពុជា ទូទាំងប្រទេសកម្ពុជា។
ថ្មីៗនេះ ក្នុងបរិបទនៃបញ្ហាព្រំដែនជាមួយប្រទេសថៃ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពីបំណងទុច្ចរិត និងការឈ្លានពានរបស់ប្រទេសថៃ។
ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ និងឈរជាមួយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចបតីតេជោ ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយវិធីសន្តិភាព តាមផ្លូវច្បាប់អន្តរជាតិ និងការចរចាដែលផ្អែកលើអត្ថប្រយោជន៍ជាតិ។
តាងនាមឱ្យប្រជាជនកម្ពុជាខេត្តស្វាយរៀង ឯកឧត្ដម លី ធុជ បានសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ៕










