ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញទស្សនកិច្ចនៅសាលាវិជ្ជាជីវៈទេសចរណ៍ ដើម្បីពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីត្រៀមទទួលសិស្សចូលរៀននាពេលខាងមុខ។
សូមជម្រាបជូនបន្ថែមថាសាលាវិជ្ជាជីវៈទេសចរណ៍មានចំនួន២ទីតាំង មួយនៅរាជធានីភ្នំពេញ និងមួយនៅខេត្តព្រះសីហនុ ត្រូវបានសាងសង់រួចរាល់ជាមួយនឹងស្ថាបត្យកម្មទំនើប សំណង់មានគុណភាពខ្ពស់ មានផាសុកភាព និងបរិស្ថានជុំវិញស្អាតបាត ព្រមទាំងបានបំពាក់នូវឧបករណ៍ បរិក្ខាសម្ភារថ្មីៗ ទំនើបៗ និងមានភាពទាក់ទាញគួរឱ្យចង់មកសិក្សារៀនសូត្រ។ សាលាទាំង២ទីតាំងនេះកើតចេញពីគម្រោងហិរញ្ញប្បទានឥណទានរបស់រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ ប្រកបដោយវិជ្ជាជីវៈ និងគុណភាព ៕


















