ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា ដោយមានការចូលរួមពីអនុសាខាស្រុកកៀនស្វាយ និងកងអន្តរាគមន៍ពិសេស ៩១១ បានចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលិចទូកលង់ទឹកស្លាប់ចំនួន ២នាក់ ស្ថិតនៅបរិវេណវត្តកោះប្រាក់ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ហាក់ សុខមករា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងចូលរួមសោកស្តាយជាអនេក។
ឯកឧត្តមបានបញ្ជាក់ថា អំណោយដែលសាខា និងអនុសាខាស្រុក បាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណព្រះរតនត្រៃទាំងបី ជួយឱ្យដួងវិញ្ញាណក្ខន្ធនៃជនរងគ្រោះទាំងពីរបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
អំណោយមនុស្សធម៌ដែលប្រតិភូសាខា បានឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ រួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, ទឹកសុទ្ធ ២កេស, ត្រីខ ២យួរ, ទឹកផ្លែឈើ ២កេស, និងថវិកាចំនួន ៣លានរៀល។ អនុសាខាស្រុកកៀនស្វាយ ឧបត្តម្ភ អង្ករ ១០០គីឡូក្រាម, ទឹកសុទ្ធ ២កេស, ទឹកស៊ីអុីវ ២យួរ, ទឹកត្រី ២យួរ និងថវិកា ៨០ម៉ឺនរៀល។ជាមួយគ្នានេះ កងអន្តរាគមន៍ពិសេស ៩១១ បានផ្តល់ជូនថវិកាសរុបចំនួន ៥០ម៉ឺនរៀលផងដែរ ៕














