ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងកាតព្វកិច្ចការពារជាតិ ការពារបូរណភាពទឹកដី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងកាតព្វកិច្ចការពារជាតិ ការពារបូរណភាពទឹកដី


ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង ពិសេសសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងកាតព្វកិច្ច ការពារជាតិ ការពារបូរណភាពទឹកដី និងភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅមួយចំនួន និងការត្រៀមបម្រុងកងកម្លាំង មធ្យោបាយ សម្ភារៈ ក្នុងភារកិច្ចអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទដែលបានប្រគល់ជូន។ ជាមួយនោះដែរក៏បានរាយការណ៍អំពីផែនការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជាដែលនឹងត្រូវអញ្ជើញមកបំពេញភារកិច្ចនៅខេត្តកំពង់ធំ នាពេលខាងមុខ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ទូទៅ និងស្ថានភាពច្របូកច្របល់ផ្ទៃក្នុង នៅក្នុងសង្គមជាតិថៃនាពេលបច្ចុប្បន្ន។ ជាមួយនោះដែរក៏មានបាតុកររាប់ម៉ឺននាក់ ប្រមូលផ្ដុំ​នៅកណ្ដាលទីក្រុងបាងកក ដោយ​បានទាមទារ និងបណ្ដេញនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នឲ្យចុះចេញពីតំណែង។ ដោយឡែកស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា​ ត្រូវបានកងកម្លាំងប្រដាប់អាវុធ ពិសេសកងយោធពលខេមរភូមិន្ទយើងកំពុងឈរជើងយ៉ាងរឹងមាំ ក្នុងការការពារបូរណភាពទឹកដីមិនឲ្យខ្មាំងសត្រូវ មកឈ្លានពានបានឡើយ។ ព្រមជាមួយនោះដែរ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ស្ថាប័ន​ក្រសួង​នានានៅថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ រួមជាមួយអាជ្ញាធរដែនដី​ ប្រជាពលរដ្ឋ និង​សប្បុរសជាតិនានា បានកំពុងជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលបង្ហាញអំពីឆន្ទៈនៃការឯកភាពជាតិទាំងមូលក្នុងការការពារបូរណភាពទឹកដីនៃយើង។ 


ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ជូនអំពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី និងបានប្រគល់ភារកិច្ចជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងវិស័យការពារជាតិ ការពារបូរណភាពទឹកដី និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្ត ឲ្យទាន់ពេលវេលា។


យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តដាច់ខាត ក្នុងការគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានជាដាច់ខាត ៕












Previous Post Next Post