កំពង់ធំ៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ៥ខ្នង ស្មើនឹង ៥៥បន្ទប់ ក្នុងតម្លៃសាងសង់ជាង ២លានដុល្លារអាមេរិក ដែលរៀបចំឡើងនៅវិទ្យាល័យទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីពង្រឹងគុណភាពមូលធនមនុស្ស។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការ សមាគមឧកញ៉ាកម្ពុជា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏ធំនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការបន្តផ្តល់អាទិភាពខ្ពស់បំផុតលើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដែលជាកាតាលីករស្នូលមិនអាចខ្វះបានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព ៕












