បាត់ដំបង៖ មន្ត្រីរាជការដែលមានសហព័ទ្ធ (ប្ដី ឬប្រពន្ធ) និងកូនក្នុងបន្ទុក សូមអញ្ជើញមកចុះឈ្មោះជាសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ដែលនៅជិតបំផុត ដើម្បីទទួលបានការគាំពារសុខុមាលភាព និងអត្ថប្រយោជន៍របបសន្តិសុខសង្គម។ នេះជាការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាសហអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានអ្នកចូលរួមប្រមាណ ១៩០នាក់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ជួយផ្សព្វផ្សាយខ្លឹមសារនេះបន្ត និងនាំសមាជិកគ្រួសារដែលស្ថិតក្នុងបន្ទុករបស់ខ្លួន ទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅគ្រប់សាខា ប.ស.ស. ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម ស្របតាមបទបញ្ញត្តិជាធរមាន។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្តទៀតថា នៅក្នុងខេត្តបាត់ដំបង មន្ត្រីរាជការដែលបានចុះបញ្ជីជាមួយ ប.ស.ស. មានចំនួនជាង ២ម៉ឺននាក់ ប៉ុន្តែមានមន្ត្រីរាជការត្រឹមតែ ៤.៧៩៩នាក់ ប៉ុណ្ណោះ នៃចំនួនមន្ត្រីរាជការសរុបក្នុងខេត្តបាត់ដំបង ដែលបានចុះបញ្ជីអ្នកក្នុងបន្ទុករបស់ខ្លួន ក្នុងនោះមានសហព័ទ្ធចំនួន ៣.២២៨នាក់ និងកូនក្នុងបន្ទុកចំនួន ៦.៣៦៧នាក់។
ជាមួយគ្នានេះដែរ ឯកឧត្តម ទីន សារ៉ាវុធ អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ប.ស.ស. ព្រមទាំងផ្តាំផ្ញើ និងជំរុញដល់អង្គសិក្ខាសាលាទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញពីមន្ត្រីជំនាញ ដើម្បីទទួលបានចំណេះដឹងច្បាស់លាស់ ព្រមទាំងផ្សព្វផ្សាយបន្តទៅកាន់មន្ត្រីក្រោមឱវាទដែលមិនបានមកចូលរួម ដើម្បីឱ្យពួកគាត់បានយល់ច្បាស់ពីនីតិវិធី និងអត្ថប្រយោជន៍ផ្សេងៗដែលត្រូវទទួលបានផងដែរ ៕


