កំពង់ស្ពឺ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីរួមជាមួយគណសង្ឃខេត្តកំពង់ស្ពឺ ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា គ្រូបង្រៀនពុទ្ធិកបឋមសិក្សា និងសមណសិស្សទូទាំងស្រុកសាមគ្គីមុនីជ័យ ដែលប្រព្រឹត្តទៅនៅវត្តទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ព្រះបាឡាត់សត្ថាភិរក្ខិត យ៉ិន សុទ្ធារ៉ា ព្រះបាឡាត់គណខេត្តកំពង់ស្ពឺ និងព្រះគ្រូវរជ័យសិរីញាណ អ៊ុំ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យ នៅវត្តទំពូង ស្ថិតក្នុងឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងស្មារតីពង្រឹងកិច្ចសហការរវាងព្រះសង្ឃ គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសមណសិស្ស ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព្រះពុទ្ធសាសនា។
ក្នុងឱកាសនេះ ព្រះបាឡាត់សត្ថាភិរក្ខិត យ៉ិន សុទ្ធារ៉ា ព្រះបាឡាត់គណខេត្តកំពង់ស្ពឺ បានមានព្រះថេរដិកា និងផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសមណសិស្ស ឱ្យបន្តយកចិត្តទុកដាក់លើការងារពុទ្ធិកសិក្សា ដោយចាត់ទុកការអប់រំជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងធនធានមនុស្ស និងការបន្តវេនព្រះពុទ្ធសាសនា។ ព្រះថេរដិកាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការខិតខំរៀនសូត្រ ការគោរពព្រះវិន័យ ការប្រតិបត្តិព្រះធម៌ និងការរក្សាគុណធម៌របស់ព្រះសមណសិស្ស។
ទន្ទឹមនឹងនេះ គ្រូបង្រៀនត្រូវបន្តបំពេញតួនាទីដោយការយកចិត្តទុកដាក់ មានការទទួលខុសត្រូវ និងធ្វើជាគំរូល្អ ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលសមណសិស្សឱ្យមានទាំងចំណេះដឹង និងគុណធម៌។ ព្រះអង្គក៏បានផ្តាំផ្ញើឱ្យមានការរួមសហការឱ្យកាន់តែជិតស្និទ្ធរវាងព្រះសង្ឃ គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសមណសិស្ស ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម ពង្រឹងការគ្រប់គ្រង និងបន្តលើកកម្ពស់គុណភាពពុទ្ធិកសិក្សាឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាស ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកមតិផ្តាំផ្ញើក្រាបថ្វាយបង្គំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានផ្តល់ការយកចិត្តទុកដាក់ និងលើកកម្ពស់ការងារអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងវិស័យពុទ្ធិកសិក្សា ឱ្យមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមជាតិ។
ព្រមជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានរួមជាយោបល់ផងដែរថា ពុទ្ធិកសិក្សាមិនគួរត្រូវបានមើលឃើញត្រឹមតែជាការផ្តល់ចំណេះដឹងផ្នែកព្រះធម៌ និងព្រះវិន័យប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការអប់រំដែលផ្សារភ្ជាប់ ចំណេះដឹង គុណធម៌ សីលធម៌ បញ្ញា និងសមត្ថភាព ដើម្បីឱ្យព្រះសមណសិស្សអាចយកចំណេះដឹងទៅប្រើប្រាស់ក្នុងការប្រតិបត្តិ និងការរស់នៅប្រកបដោយការទទួលខុសត្រូវ។
ក្នុងការអនុវត្តជាក់ស្តែង ឯកឧត្តមរដ្ឋលេខាធិការ បានប្រគេន និងជូនជាអនុសាសន៍មួយចំនួនចំពោះអង្គពិធីដូចខាងក្រោម៖
ទី១. ពង្រឹងការរៀនសូត្រ ដោយសមណសិស្សត្រូវខិតខំរៀនសូត្រឱ្យបានទៀងទាត់ ទាំងព្រះធម៌ ព្រះវិន័យ និងចំណេះដឹងទូទៅ ព្រមទាំងបង្កើតទម្លាប់អាន ស្រាវជ្រាវ សួរ និងពិភាក្សា។
ទី២. ផ្សារភ្ជាប់ការរៀនសូត្រជាមួយការប្រតិបត្តិ ដោយការរៀនធម៌ត្រូវភ្ជាប់ជាមួយការអនុវត្ត ដោយរក្សាសីល គោរពព្រះវិន័យ មានមេត្តា អត់ធ្មត់ សុភាពរាបសារ និងចេះគោរពអ្នកដទៃ។
ទី៣. លើកកម្ពស់គុណភាពការបង្រៀន ដោយគ្រូបង្រៀនត្រូវបន្តអភិវឌ្ឍចំណេះដឹងនិងវិធីសាស្ត្របង្រៀន ដើម្បីឱ្យការបង្រៀនមានប្រសិទ្ធភាព និងឆ្លើយតបនឹងសមត្ថភាព និងតម្រូវការរបស់សមណសិស្ស។
ទី៤. ប្រើប្រាស់បច្ចេកវិទ្យានិងបញ្ញាសិប្បនិម្មិត(AI)ដោយជៀសវាងការប្រើប្រាស់ទូរសព្ទសម្រាប់សាមណេរតូច ហើយចំពោះភិក្ខុវិញសូមប្រើប្រាស់ឱ្យមានប្រយោជន៍ដោយត្រូវប្រើបច្ចេកវិទ្យាជាឧបករណ៍សម្រាប់សិក្សានិងស្រាវជ្រាវ ព្រមទាំងចេះពិនិត្យប្រភព និងផ្ទៀងផ្ទាត់ព័ត៌មាន។ ចំពោះចំណេះដឹងព្រះធម៌ និងព្រះវិន័យ ត្រូវផ្អែកលើប្រភពដែលមានភាពជឿជាក់ និងការណែនាំពីព្រះគ្រូ អាចារ្យ និងអ្នកមានជំនាញ។
ទី៥. ពង្រឹងភាសា និងជំនាញសម័យថ្មី ដោយលើកទឹកព្រះទ័យ ឱ្យសមណសិស្សបង្កើនសមត្ថភាពភាសាខ្មែរ ភាសាបរទេស បច្ចេកវិទ្យាឌីជីថល ការសរសេរ ការនិយាយ និងការធ្វើបទបង្ហាញ ដើម្បីអាចផ្សព្វផ្សាយចំណេះដឹងព្រះធម៌ឱ្យសមស្របនឹងបរិបទសង្គមបច្ចុប្បន្ន។
ទី៦. កសាងសហគមន៍សិក្សា និងសាមគ្គីភាពដោយត្រូវចេះជួយគ្នា ចែករំលែកឯកសារ ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងលើកទឹកព្រះទ័យសមណសិស្សដែលជួបការលំបាកក្នុងការសិក្សា។
ទី៧. ពង្រឹងការតាមដាន និងគាំទ្រសមណសិស្សដោយសូមគណៈគ្រប់គ្រងសាលាទាំង ១១ និងគ្រូបង្រៀនគួរយកចិត្តទុកដាក់លើការតាមដានការសិក្សា វត្តមាន វិន័យ និងការរីកចម្រើនរបស់សមណសិស្ស ព្រមទាំងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។
ទី៨. រៀនដើម្បីក្លាយជាអ្នកបន្តវេនដោយសមណសិស្សថ្ងៃនេះ គឺជាធនធានសម្រាប់ថ្ងៃអនាគត។ ដូច្នេះ ត្រូវរៀបចំខ្លួនឱ្យមាន ចំណេះដឹង សីលធម៌ បញ្ញា សមត្ថភាព និងទំនួលខុសត្រូវ ដើម្បីអាចបន្តចូលរួមក្នុងការថែរក្សា និងអភិវឌ្ឍព្រះពុទ្ធសាសនា។«រៀនឱ្យចេះ ប្រតិបត្តិឱ្យល្អ មានបញ្ញាក្នុងការពិចារណា និងមានទំនួលខុសត្រូវក្នុងការបន្តវេន»។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា ក៏បានប្រគេន និងជូនបច្ច័យគ្រូបង្រៀន១៣រូប ក្នុងមួយនាក់ ៥០.០០០រៀល និងនាំយកនូវបច្ច័យ និងសម្ភារសិក្សា សម្រាប់ទ្រទ្រង់សាលាពុទ្ធិកបឋមសិក្សាទាំង ១១សាលា ក្នុងសាលានីមួយមាន បច្ច័យ ២០០.០០០រៀល សៀវភៅសរសេរ ៥០ក្បាល បន្ទាត់ ៥០ដើម ប៊ិក ៥០ដើម ជាមួយគ្នានោះ សាលាអនុគណស្រុកសាមគ្គីមុនីជ័យ បានជួយទ្រទ្រង់សាលាពុទ្ធិកសិក្សាទាំង១១សាលា ក្នុងមួយសាលា បច្ច័យ ២០០.០០០រៀល អង្ករ ៥០គីឡូ ទឹកបរិសុទ្ធិ ១កេស ភេសជ្ជៈ ១កេស មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ និងទឹកត្រី ១យួរ ៕

















