ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “វឌ្ឍនភាពនៃដំណើរការកសាង កែសម្រួល និងផែនការអនុវត្តសាកល្បងគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ” នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានផ្ដល់មតិយោបល់ណែនាំ និងតម្រង់ទិសថា ដើម្បីជំរុញឱ្យផែនការអនុវត្តសាកល្បងនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង និងមានប្រសិទ្ធភាពខ្ពស់ គឺចាំបាច់ត្រូវមានកិច្ចសហការពីក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់ និងផ្តល់ធាតុចូលលើការងារបច្ចេកទេស។
ជាការឆ្លើយតប លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដល់ធាតុចូល និងអនុសាសន៍ណែនាំដ៏មានតម្លៃ ដែលជាទុនយ៉ាងសំខាន់សម្រាប់យកទៅរៀបចំ និងជំរុញការអនុវត្តសាកល្បងគោលនយោបាយនេះឱ្យសម្រេចបានជោគជ័យតាមផែនការរំពឹងទុក។
ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានគូសបញ្ជាក់បន្ថែមថា ផែនការអនុវត្តសាកល្បងគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិតបងប្អូនកម្មករនិយោជិត និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
សូមបញ្ជាក់ថា យោងតាមផែនការសកម្មភាពដែលបានគ្រោងទុក យុទ្ធនាការអនុវត្តសាកល្បងគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ នឹងត្រូវដាក់ឱ្យដំណើរការជាជំហានដំបូងនៅក្នុងរោងចក្រគោលដៅសរុបចំនួន ២៥០ ដែលស្ថិតក្នុងខេត្តអាទិភាពចំនួន ៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង ៕










