ឯកឧត្តម ឈួរ សុបញ្ញា៖ ការពិតនៃប្រវត្តិសាស្ត្រខ្មែរជាម្ចាស់បេតិកភណ្ឌ អរិយធម៌ និងទឹកដីស្របច្បាប់ មិនមែនជាអ្នកចម្លងពីនរណាម្នាក់ឡើយ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ ការពិតនៃប្រវត្តិសាស្ត្រខ្មែរជាម្ចាស់បេតិកភណ្ឌ អរិយធម៌ និងទឹកដីស្របច្បាប់ មិនមែនជាអ្នកចម្លងពីនរណាម្នាក់ឡើយ


ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងតែងតែសង្កេតឃើញមានការប្រឌិតរឿង ការបំភ្លៃប្រវត្តិសាស្ត្រ និងការទាមទារដោយគ្មានមូលដ្ឋានពីសំណាក់ប្រទេសជិតខាង (សៀម) ក្នុងការព្យាយាមបន្លំភ្នែកមហាជនជាតិ និងអន្តរជាតិ ថាបេតិកភណ្ឌ វប្បធម៌ និងអត្តសញ្ញាណរបស់ខ្មែរគឺជារបស់ខ្លួន ព្រមទាំងចោទប្រកាន់ថាខ្មែរយើងជាអ្នកចម្លងពីគេទៅវិញ។ ខ្ញុំចូលរួមជាទស្សនៈតាមរយៈអត្ថបទពន្យល់ និងដាស់តឿនមហាជន ដើម្បីបកអាក្រាតពីការទាមទារខុសពីប្រវត្តិសាស្ត្រ និងបញ្ជាក់ពីសិទ្ធិស្របច្បាប់ដ៏រឹងមាំរបស់ខ្មែរយើងក្នុងនាមជាកូនខ្មែរអ្នកបន្តវេន និងថែរក្សាមរតកដូនតា ព្រោះទង្វើរបស់បច្ចាមិត្រសៀមនេះគឺជាទង្វើបង្វែរខ្សាច់ធ្វើស្រែ ដែលផ្ទុយស្រឡះពីការពិតប្រវត្តិសាស្ត្រតំបន់ ក៏ដូចជាពិភពលោក។

✍🏻១. ភាពជាម្ចាស់ដើម និងឫសគល់ដ៏ចំណាស់របស់ខ្មែរ : តាមរយៈភស្តុតាងប្រវត្តិសាស្ត្រ សិលាចារឹក និងបុរាណវិទ្យា ដែលទទួលស្គាល់ជាសាកលថា ខ្មែរគឺជាពូជអំបូរជាតិសាសន៍ដ៏ចំណាស់ជាងគេបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អរិយធម៌ខ្មែរបានកកើត រីកចម្រើន និងបន្សល់ទុកនូវអាណាចក្រដ៏អស្ចារ្យ (ហ្វូណន ចេនឡា និងសម័យអាណាចក្រក្រភពអង្គរ) តាំងពីពេលដែលប្រទេសសៀម យួន និងលាវ មិនទាន់មានឈ្មោះ ឬកើតមានជាប្រទេសនៅលើផែនដីនេះផង។

✍🏻២.ប្រភពដើមនិងការកើតឡើងរបស់សៀម : ជនជាតិសៀម (ថៃ) គឺជាក្រុមមនុស្ស(ជនជាតិភាគតិចចិន) ដែលបានធ្វើដំណើរបំលាស់ទីចុះមកពីភាគខាងត្បូងប្រទេសចិនចូលមកកាន់តំបន់អាស៊ីអាគ្នេយ៍ដីគោក។ នៅសម័យដំបូង ពួកគេគ្រាន់តែជាកុលសម្ព័ន្ធ ឬជនចំណាកស្រុកមករស់នៅពឹងពាក់អាស្រ័យ និងស្ថិតក្រោមដែនអំណាចរបស់អាណាចក្រខ្មែរប៉ុណ្ណោះ។ ពេលនោះ ពួកគេមិនទាន់មានអក្សរសាស្ត្រ ស្ថាបត្យកម្មប្រាសាទ ឬប្រព័ន្ធរដ្ឋបាលផ្ទាល់ខ្លួនឡើយ។ លុះចំណេរក្រោយមកពេលដែលអាណាចក្រខ្មែរថមថយអំណាច ហើយពួកគេបានបង្កើតជានគរផ្ទាល់ខ្លួន (សុខោទ័យ និងអយុធ្យា) ពួកគេបានស្រូបទាញ ចម្លង និងកែច្នៃយក អក្សរសាស្ត្រ ស្ថាបត្យកម្ម របាំព្រះរាជទ្រព្យ ទំនៀមទំលាប់ ប្រពៃណី និងប្រព័ន្ធរដ្ឋបាលពីអរិយធម៌ខ្មែរ យកទៅប្រើប្រាស់ស្ទើរតែទាំងស្រុង។ ហេតុដូច្នេះហើយ ការចោទថាខ្មែរចម្លងពីគេ គឺជាការ «ចោទចោរលួចក្របី» និងជាការក្លែងបន្លំប្រវត្តិសាស្ត្រយ៉ាងអាក្រក់ជាទីបំផុត។

✍🏻៣. ភស្តុតាងរស់នៃរូបថតប្រវត្តិសាស្ត្រ (១៨៧០-១៩៣០) ចំពោះការអះអាងលើរូបថតបុរាណរបស់ខ្មែរ (នាចន្លោះឆ្នាំ ១៨៧០-១៩៣០ ដែលបារាំងបាននាំយកកាមេរ៉ាមកថតទុក) ថាជារូបភាពរបស់ដូនតាគេនោះ គឺជាការភូតភរទាំងបំពានការពិតឥតអៀនខ្មាស់។ រូបថតទាំងនោះ រួមទាំងស្នាដៃរបស់ជាងថតរូបអឺរ៉ុបដូចជា Émile Gsell និង John Thomson បានបង្ហាញយ៉ាងច្បាស់អំពីម៉ូដសក់ «ជ្រងផ្កាថ្កូវ» សម្លៀកបំពាក់សំពត់ក្បិន និងទម្រង់មុខមាត់ពិតប្រាកដរបស់បុព្វបុរសខ្មែរ ដែលមានតាំងតែពីសម័យអង្គរវត្ត(ចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទជាច្រើនទៀត)មក ម្ល៉េះ។ មិនមែនទើបតែមាន ឬ ជាទម្រង់របស់ជនជាតិដទៃពិសេសជនជាតិសៀម (ថៃ) នោះទេ។

✍🏻៤. ខ្មែរជាម្ចាស់សិទ្ធិស្របច្បាប់ទៅលើមរតកដូនតារបស់ខ្លួន ហេតុនេះ កូនចៅខ្មែរគ្រប់ជំនាន់មានសិទ្ធិប្រើប្រាស់ពេលណាក៏បាន ក្នុងនាមជាកូនចៅជំនាន់ក្រោយ និងជាម្ចាស់បេតិកភណ្ឌដ៏បវរនេះ យើងត្រូវដឹងច្បាស់ថា «ប្រវត្តិសាស្ត្រមិនអាចលុបបំបាត់បានទេ ហើយភាពជាម្ចាស់ស្របច្បាប់គឺស្ថិតនៅលើដៃខ្មែរជានិច្ច»។ មិនថាពេលណា ថ្ងៃណាមួយ ឬក្នុងកាលៈទេសៈណាក៏ដោយ ខ្មែរមានសិទ្ធិពេញលេញ និងស្របច្បាប់ទាំងស្រុងក្នុងការលើកយក បង្ហាញ ការពារ និងអបអរសាទរពីអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រោះយើងជា «ម្ចាស់ផ្ទះ» នៃអរិយធម៌នេះស្រាប់។

ក្នុងនាមជាកូនខ្មែរថែរក្សានិងការពារមរតកដូនតាគ្រប់ជំនាន់មួយរូប ខ្ញុំសូមអំពាវនាវ សូមខ្មែរគ្រប់ទិសទៅ បន្តផ្សព្វផ្សាយដោយជឿជាក់ និងប្រាកដនិយមដល់ខ្មែរគ្រប់រូបនិងជនបរទេសគ្រប់ជាតិសាសន៍ កុំមានការភាន់ច្រឡំ ឬងាយជឿតាមការឃោសនាបំបោង និងបំពានប្រវត្តិសាស្ត្រពីសំណាក់ជនបរទេសជាបច្ចាមិត្តសៀម (ថៃ)។ ការស្គាល់ប្រវត្តិសាស្ត្រពិត ការស្រឡាញ់ និងការការពារវប្បធម៌ខ្លួនឯង គឺជាំខែលដ៏រឹងមាំបំផុតក្នុងការថែរក្សាអាយុជីវិតជាតិខ្មែរឱ្យគង់វង្សស្ថិតស្ថេររហូតតទៅ!



Previous Post Next Post