ភ្នំពេញ៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌៖ "១-ចំពោះករណីឈ្មោះ ស្លេះ ហ្វឺត និងឈ្មោះ ណុះ សូឡោះ ដែលបានលើកឡើងជុំវិញការចោទប្រកាន់ថាមានការអនុវត្តខុសនីតិវិធីរបស់មន្ត្រីតុលាការនៅសាលាដំបូងខេត្តស្ទឹងត្រែង ដោយឡែកសាមីខ្លួនបានដាក់ពាក្យបណ្តឹងផ្ទាល់មួយទៀតទៅកាន់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ចំពោះករណីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសម្រេចបញ្ជូនករណីនេះ តាមនីតិវិធីជាធរមាន ទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យស្រាវជ្រាវឱ្យបានល្អិតល្អន់ និងចាត់ការជាសមត្ថកិច្ច ក្នុងករណីរកឃើញកំហុស ដោយអនុវត្តទៅតាមច្បាប់ និងនីតិវិធីក្នុងក្របខ័ណ្ឌនៃយន្តការវិន័យរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
២-ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ក៏បានចាត់ក្រុមការងារចុះធ្វើការស្រាវជ្រាវបន្ថែមលើករណីនេះផងដែរ ហើយដែលលទ្ធផលនៃការចុះស្រាវជ្រាវនេះ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីជាមូលដ្ឋានបន្ថែមសម្រាប់ការធ្វើអធិការកិច្ចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម" ៕





