កំពង់ស្ពឺ៖ នាថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការរុករកគាស់និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងប្រគល់-ទទួល ធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា ដែលបានរុករកជីកគាស់ក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃអាគាររដ្ឋបាលខេត្ត។
ក្នុងឱកាសនោះ លោកបណ្ឌិត តូច ប៉ូលីវ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសក្រុម K93 ដែលបានខិតខំប្រឹងប្រែងក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតនៅលើទឹកដីកម្ពុជាក្នុងសម័យសង្គ្រាម។ សកម្មភាពដ៏មានតម្លៃនេះ បង្ហាញយ៉ាងច្បាស់ ពីមិត្តភាពដ៏ជ្រាលជ្រៅ រវាងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម ហើយវាជាការចងចាំ និងរំលឹកប្រវត្តិសាស្ត្រ ដែលបង្ហាញពីការចូលរួមចំណែកដ៏សំខាន់ របស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងការជួយសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីទុក្ខវេទនានៃសង្គ្រាម និងក្នុងការស្តារប្រទេសឡើងវិញ។
លោក លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង បានសម្ដែងអំណរគុណចំពោះអាជ្ញាធខេត្តកំពង់ស្ពឺ ដែលបានសហការជាមួយរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ធ្វើមាតុភូមិត្រលប់ទៅស្រុកកំណើតវិញ។ តែទោះបីជាយ៉ាងណាក៏ដោយ នៅមានអដ្ឋិធាតុមួយចំនួនទៀត នៅមិនទាន់រកឃើញនៅឡើយទេ ដោយជួបបញ្ហាប្រឈមជាច្រើន ដូច្នោះលោកសូមស្នើអាជ្ញាធរខេត្តកំពង់ស្ពឺ សហការបន្តស្វែងរកអដ្ឋិធាតុនៅសេសសល់បន្តទៀត។
ដោយមានការចូលរួមពី៖ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុកទាំង៩ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងលោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕





















