កំពង់ស្ពឺ៖ នាល្ងាចថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង អញ្ជើញចុះសួរសុខទុក្ខលោក យឹម យឿង មេភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរដ៏កក់ក្តៅពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម អ៊ុក កោសា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ដោយបានជូនពរឱ្យលោកឆាប់បានជាសះស្បើយ មានសុខភាពរឹងមាំ និងវិលត្រឡប់មកបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានវិញ។
សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតី «រួមសុខ រួមទុក្ខ» របស់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្ស ដែលតែងតែនៅជិតមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ។ ការយកចិត្តទុកដាក់ចំពោះអ្នកដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាបម្រើសង្គម មិនត្រឹមតែជាការលើកទឹកចិត្តដល់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសាមគ្គីភាព ការចែករំលែក និងភាពកក់ក្តៅនៅក្នុងសហគមន៍ ដែលជាមូលដ្ឋានដ៏រឹងមាំនៃការបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
លើសពីនេះ ការចុះសួរសុខទុក្ខនេះ ឯកឧត្តម ឈួរ សុបញ្ញា ក៏ជាការបញ្ជាក់ពីការអនុវត្តជាក់ស្តែងនូវទស្សនវិជ្ជា «នៅជិតប្រជាពលរដ្ឋ ស្តាប់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ» ដែលជាស្មារតីដឹកនាំរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី។
ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកថវិកាឧបត្ថម្ភជូនលោក យឹម យឿន ដើម្បីចូលរួមសម្រាលបន្ទុកលើការចំណាយក្នុងការព្យាបាលជំងឺ ព្រមទាំងលើកទឹកចិត្តឱ្យលោកបន្តថែរក្សាសុខភាព និងអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន ៕










