ឯកឧត្តម ឈួរ សុបញ្ញា៖ អភិក្រម «ស៣» គឺជាផ្នែកមួយនៃទស្សនៈវិស័យផ្សារភ្ជាប់វត្តអារាមទៅសហគមន៍ ដើម្បីកសាងសង្គមប្រកបដោយសីលធម៌ សាមគ្គីភាព និងសុខដុមរមនា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ អភិក្រម «ស៣» គឺជាផ្នែកមួយនៃទស្សនៈវិស័យផ្សារភ្ជាប់វត្តអារាមទៅសហគមន៍ ដើម្បីកសាងសង្គមប្រកបដោយសីលធម៌ សាមគ្គីភាព និងសុខដុមរមនា


ភ្នំពេញ៖
នារសៀលថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍សំខាន់ៗរបស់ក្រសួងធម្មការ និងសាសនា ជាពិសេសការអនុវត្ត អភិក្រម «ស៣» និងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមវត្តអារាមក្នុងខណ្ឌឫស្សីកែវ ដើម្បីត្រៀមសម្រាប់រដូវព្រះសង្ឃចូលកាន់វស្សានាពេលខាងមុខ។ 

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាអនុគណខណ្ឌឫស្សីកែវ វត្តញាណរង្សី សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងព្រះគ្រូរតនប្បជ្ជោតិ ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានខណ្ឌ សង្កាត់ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការវត្តទាំង៥ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ សរុបចំនួន ១០៨ អង្គ/នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានចែករំលែកមតិយោបល់លើប្រធានបទសំខាន់ៗមួយចំនួន ដោយបានគូសបញ្ជាក់ថា៖

ទី១. អភិក្រម «ស៣» ត្រូវក្លាយជាចលនាសង្គម មិនមែនអនុវត្តតែក្នុងវត្តអារាមប៉ុណ្ណោះទេ។ ការអនុវត្ត «ស្អាត សណ្តាប់ធ្នាប់ និងសីលធម៌» គួរត្រូវបានពង្រីកទៅដល់គ្រួសារ សាលារៀន សហគមន៍ និងគ្រប់ស្ថាប័ន ដើម្បីរួមគ្នាកសាងសង្គមដែលមានអនាម័យ វិន័យ សុខដុមរមនា និងគុណធម៌។

ទី២. ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ជាពិសេសការបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) ដោយព្រះសង្ឃ គណៈកម្មការវត្ត អាចារ្យ និងពុទ្ធបរិស័ទ ត្រូវចូលរួមផ្សព្វផ្សាយការយល់ដឹងដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន មិនចាញ់បោកជនខិលខូច និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយការទទួលខុសត្រូវ។

ទី៣. ត្រូវគោរព និងពង្រឹងតួនាទីរបស់គណសង្ឃ ព្រះចៅអធិការ អាចារ្យ និងគណៈកម្មការវត្ត ដោយប្រកាន់ខ្ជាប់ការសហការ ការគោរពគ្នាទៅវិញទៅមក និងការបំពេញតួនាទីស្របតាមព្រះវិន័យ ច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីធានាឱ្យវត្តអារាមជាមជ្ឈមណ្ឌលសីលធម៌ សាមគ្គីភាព និងការអប់រំសង្គម។

ទី៤. ព្រះសង្ឃ និងអាចារ្យ គណកម្មការវត្តគួរចូលរួមផ្សព្វផ្សាយគោលនយោបាយល្អៗរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយពាក់ព័ន្ធនឹងការលើកកម្ពស់សីលធម៌ ការអប់រំ សុខុមាលភាពសង្គម ការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ បានទទួលផល និងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ឈួរ សុបញ្ញា ក៏បានបន្តលើកឡើងថា អភិក្រម «ស៣» របស់ក្រសួងធម្មការនិងសាសនានេះ មិនមែនជាគម្រោងរយៈពេលខ្លីទេ ប៉ុន្តែជាវប្បធម៌នៃការរស់នៅ ដែលចាប់ផ្តើមពីការកែលម្អខ្លួនឯង គ្រួសារ វត្តអារាម និងសហគមន៍។ នៅពេលមនុស្សម្នាក់ៗប្រកាន់ខ្ជាប់ ភាពស្អាត សណ្តាប់ធ្នាប់ និងសីលធម៌ នោះសង្គមទាំងមូលនឹងក្លាយជាសង្គមដែលមានសុខដុមរមនា សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ៕













Previous Post Next Post