ភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រធានយុវជនគណបក្សក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង បានអញ្ជើញចុះសួរសុខទុក្ខ លោក ហាស់ សុខឿន ដែលជាឪពុកបង្កើតរបស់កញ្ញា ឃិន វ៉ាន់ថី សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង ខណៈលោកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សកម្មភាពចុះសួរសុខទុក្ខ និងការឧបត្ថម្ភនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងស្មារតីរួមសុខរួមទុក្ខរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ដែលតែងតែនៅក្បែរសមាជិកក្រុមការងារ និងប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ដោយឈរលើគោលការណ៍មនុស្សធម៌ សាមគ្គីភាព និងការចែករំលែក។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដ៏កក់ក្តៅពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម អ៊ុក កោសា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ជូនដល់លោក ហាស់ សុខឿន និងក្រុមគ្រួសារ ព្រមទាំងបានលើកទឹកចិត្តឱ្យលោកបន្តថែរក្សាសុខភាព និងអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ។
ជាមួយគ្នានេះ ក្រុមការងារក៏បានជូនថវិកាឧបត្ថម្ភលោក ហាស់ សុខឿន ដើម្បីចូលរួមសម្រាលបន្ទុកលើការចំណាយក្នុងការព្យាបាលជំងឺ និងជូនពរឱ្យលោកឆាប់បានជាសះស្បើយ មានសុខភាពរឹងមាំ និងវិលត្រឡប់ទៅកាន់ក្រុមគ្រួសារវិញដោយសុវត្ថិភាព ៕


