ភ្នំពេញ៖ ឯកឧត្ដម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក សូមប្រកាសញត្ដិគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ។
យើងខ្ញុំទាំងអស់ គ្នាសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជូនដំណឹងទៅ ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តិតែមួយគត់សម្រាប់ការចរចាទ្វេភាគី ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ អស់រយៈពេលជាង ២៥ឆ្នាំកន្លងមក។
យើងខ្ញុំទាំងអស់គ្នា ជឿជាក់ថា ការអនុវត្តយន្តការផ្សះផ្សារដោយបង្ខំនេះ គឺជាជំហានស្របច្បាប់ប្រកបដោយសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ បន្ទាប់ពីក្របខណ្ឌចរចារទ្វេភាគីត្រូវបានប្រើប្រាស់អស់លទ្ធភាព។ យន្តការនេះនឹងរួមចំណែកបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការសម្រេចបាននូវដំណោះស្រាយមួយដែលមានយុត្តិធម៌ តម្លាភាព និងចីរភាព សំដៅរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងស្មារតីនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីថៃនឹងប្រកាន់ខ្ជាប់ឆន្ទៈក្នុងការចូលរួមយន្តការនេះ ដោយគោរពតាមគោលការណ៍នៃច្បាប់អន្តរជាតិ និងលើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី ក្នុងគោលបំណងឈានទៅរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ និងអាចទទួលបានដោយភាគីទាំងពីរ ចំពោះការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិ និងលើកកម្ពស់ការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិ និងតំបន់ទាំងមូល ៕



