ភ្នំពេញ៖ ទូលព្រះបង្គំ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា ដែលឈាននឹងមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយ ព្រះសព្ទសាធុការពរបវរមហាប្រសើរ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ដើម្បីព្រះអង្គយាងបំពេញ ព្រះរាជបូជនីយកិច្ចជូនជាតិមាតុភូមិ និងប្រជានុរាស្ត្ររបស់ព្រះអង្គ។
ក្នុងវរោកាសដ៏មហាសែនប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតសម្តែង ថ្វាយនូវកតញ្ញូតាធម៌ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ចំពោះព្រះរាជហឫទ័យ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ព្រះអង្គតែងតែប្រកាន់តាមព្រះរាជគំរូព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ ដែលបានយកអស់ពីព្រះកាយពល ព្រះបញ្ញាញាណដើម្បីជាតិ និងប្រជារាស្ត្របានរស់ នៅដោយសុខដុមក្នុងសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី និងវិបុលភាព។
តប់ចំពោះព្រះករុណាទិគុណ និងព្រះវិសុទ្ធគុណដ៏មហាធំធេងថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមវន្ទាឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមព្រះអង្គអភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ដើម្បីទ្រង់គង់ប្រថាប់ក្នុងសិរីរាជសម្បត្តិយូរអង្វែង សម្រាប់ជាម្លប់ត្រជាក់នៃព្រះរាជាណាចក្រកម្ពុជា ដ៏រុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ៕


