ឃាត់ខ្លួនជនសង្ស័យ ៦១នាក់ ពាក់ព័ន្ធឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឃាត់ខ្លួនជនសង្ស័យ ៦១នាក់ ពាក់ព័ន្ធឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ


ភ្នំពេញ៖
ក្រុមការងារចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាប នៅទីតាំងអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់ លោក សេង ហៀង, លោក ចើង ជើងគ័ង និងលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។ 

ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦១នាក់ (ស្រី ០៦នាក់) ក្នុងនោះគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ ចំនួន ៤២នាក់, ជាប់ពាក់ព័ន្ធនឹងការរក្សាទុកសម្ភារសម្រាប់ប្រព្រឹត្តិបទល្មើស Online Scam ១៥នាក់ និងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង និងសម្ភារបច្ចេកវិទ្យាមួយចំនួនមានដូចជា៖ កុំព្យូទ័រយួរដៃចំនួន ៤៨គ្រឿង, ទូរសព្ទដៃចំនួន ៤៦៨គ្រឿង, អេក្រង់ម៉ូនីទ័រចំនួន ៣២គ្រឿង, CPU ចំនួន ១០គ្រឿង, Tablet ចំនួន ០១គ្រឿង និងស៊ីមកាតទូរស័ព្ទបរទេសមួយចំនួនធំទៀតផងដែរ។

បច្ចុប្បន្ន ក្រុមការងារសម្រេចប្រគល់ជនសង្ស័យ រួមនិងវត្ថុតាងទាំងអស់ ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ជាធរមាន។

សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មកបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១.០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ ៕







Previous Post Next Post