ភ្នំពេញ៖ និស្សិតមួយក្រុម នៃកម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (RULE-ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានទទួលជ័យលាភីឆ្នើមនៅក្នុងចំណោម ៤០ក្រុម ដែលទទួលបានពិន្ទុសរសេរសារណាខ្ពស់បំផុតនៅក្នុងកម្មវិធីសវនាការប្រឌិតនូរែមប៊ឺក ឆ្នាំ២០២៦ (Nuremberg Moot Court Competition 2026) ដែលមាន ១៣៧ក្រុមទូទាំងពិភពលោកចូលរួម។ ក្រុមនេះ នឹងបន្តទៅប្រកួតវគ្គទាញហេតុផលផ្ទាល់មាត់នៅប្រទេសអាល្លឺម៉ង់។
យោងតាមគេហទំព័រផ្លូវការរបស់កម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានបញ្ជាក់ថា និស្សិតដែលនឹងត្រូវចូលរួមប្រកួត រួមមាន៖ លោក អិន វ៉ាន សុវរុណ្ណៈ, លោក កែវ មុនីរ័ត្ន, កញ្ញា សម្បត្តិ សុគន្ធនិតា និងលោក យ៉ាង គាហុង។ ក្នុងចំណោមនិស្សិតដែលនឹងត្រូវចូលរួមប្រកួតទាំង០៤រូប ក្នុងនោះមាននិស្សិតឈ្មោះ កែវ មុនីរ័ត្ន ដែលជាកូនប្រុសរបស់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សន កែវ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ។ ក្រុមនិស្សិត ត្រូវបានដឹកនាំដោយគ្រូបង្វឹក លោក សុខ ច័ន្ទវិជ័យសម្បត្តិ រួមជាមួយនឹងការណែនាំ និងគាំទ្រពីរៀមច្បងរួមមាន កញ្ញា ជា ដាលីនណា, កញ្ញា ហ៊ន សុខងីម, កញ្ញា រស់ សំណាងថាយ៉ាវត្តី, និងកញ្ញា តាំង គឹមសួ។
គួរបញ្ជាក់ថា សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ព្រមទាំងសមត្ថភាពស្រាវជ្រាវ និងជំនាញទាញហេតុផលខ្ពស់ក្នុងផ្នែកនីតិព្រហ្មទណ្ឌអន្តរជាតិរបស់ក្រុមនិស្សិត។ គួរឱ្យកត់សម្គាល់ ពួកគេគឺជាក្រុមតែមួយគត់ពីកម្ពុជា និងជាក្រុមដែលបានបន្តរក្សាកំណត់ត្រាជូនសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងការឈានដល់វគ្គនេះ ដើម្បីទៅប្រកួតប្រជែងជាមួយនិស្សិតមកពីសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ៕



